ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៉ី ផ្តាច់ជីវិតមនុស្សយ៉ាងហោច៣នាក់ និងប៉ុន្មាននាក់ទៀតបាត់ខ្លួន
(ហ្សាការតា)៖ អ្នកឡើងភ្នំ៣នាក់ ក្នុងនោះ២នាក់ជាជនបរទេស បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្នំភ្លើងឈ្មោះ Dukono នៅលើកោះ Halmahera ភាគខាងកើតប្រទេសឥណ្ឌូណេស៉ី បានផ្ទុះកាលពីព្រឹកថ្ងៃសុក្រនេះ ដោយជះដុំពពកផេះនិងផ្សែងកម្ពស់ប្រហែល១០គីឡូម៉ែត្រ ឡើងទៅលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។
លោក Erlichson Pasaribu ដែលជាមេប៉ូលិសប្រចាំស្រុក Halmahera ខាងជើង បាននិយាយថា គិតត្រឹមពេលនេះ មនុស្ស ៣នាក់ត្រូវរកឃើញថាបានស្លាប់ ក្នុងនោះ២នាក់ជាជនបរទេស និងម្នាក់ជាអ្នកស្រុកនៅកោះ Ternate។ បើតាមលោក Erlichson អ្នកឡើងភ្នំ៧នាក់ បានចុះមកវិញដោយសុវត្ថិភាព ប៉ុន្តែ៥នាក់បានរងរបួស ហើយ១០នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន នៅក្នុងតំបន់មួយដែលត្រូវបានហាមឃាត់សម្រាប់អ្នកទេសចរ តាំងតែពីខែមុន ក្រោយក្រុមអ្នកវិទ្យាសាស្រ្តសង្កេតឃើញ ការកើនឡើងកាន់តែខ្លាំងនៃសកម្មភាពរបស់ភ្នំភ្លើង Dukono។ នាពេលនេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងប្រព្រឹត្តទៅ ដើម្បីតាមរកអ្នកឡើងភ្នំដែលនៅបាត់ខ្លួន។
ចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០២៥ ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៉ី PVMBG បានណែនាំឱ្យភ្ញៀវទេសចរ ក៏ដូចជាអ្នកឡើងភ្នំ កុំធ្វើដំណើរមកក្នុងរង្វង់ចម្ងាយ៤គីឡូម៉ែត្រ នៃមាត់របស់ភ្នំភ្លើង Dukono ឱ្យសោះ។ លោក Erlichson បាននិយាយថា ក្រុមអ្នកឡើងភ្នំខាងលើ មិនបានអំពើចំពោះការណែនាំលើបណ្តាញសង្គម និងស្លាកសញ្ញាព្រមានពីគ្រោះថ្នាក់ ដែលដាក់នៅមាត់ច្រកឡើងភ្នំ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជុំកោះលាតសន្ធឹងយ៉ាងធំ តែងទទួលរងសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារមានទីតាំងភូមិសាស្រ្ត ស្ថិតនៅលើតំបន់គេហៅថា តំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ជាទីដែលផ្លាកទិកតូនិកនៃស្រទាប់ផែនដី ប៉ះទង្គិចគ្នា។ ប្រទេសអាស៊ានមួយនេះ មានភ្នំភ្លើងសកម្មសរុបរហូតដល់ជិត១៣០ភ្នំភ្លើង៕
