លោក ត្រាំ ប្រកាសថា ទំនាក់ទំនងជាមួយចិន នឹងល្អខ្លាំងជាងពេលណាណាទាំងអស់
នៅក្នុងជំនួបកំពូលដ៏មានសារៈសំខាន់នៅទីក្រុងប៉េកាំង នាថ្ងៃទី១៤ ខែឧសភា នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នឹងឈានទៅរកកម្រិតដ៏ល្អប្រសើរមួយដែល «មិនធ្លាប់មានពីមុនមក»។

តាមការផ្សាយរបស់ Al Jazeera លោក ត្រាំ បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ី ជីនពីង និងបានពិពណ៌នាថា គណៈប្រតិភូអាមេរិក ដែលរួមដំណើរជាមួយលោកលើកនេះ គឺសុទ្ធតែជាតំណាងក្រុមហ៊ុនធំៗ និងមានសមត្ថភាពខ្ពស់បំផុតរបស់អាមេរិក។
នៅក្នុងសុន្ទរកថាបើកជំនួប លោក ត្រាំ បានផ្ដល់កិត្តិយសដល់លោក ស៊ី ជីនពីង យ៉ាងខ្លាំង ដោយលោកបានហៅមេដឹកនាំចិនថាជា «មិត្តដ៏ល្អ» និងជា «មេដឹកនាំដ៏អស្ចារ្យ»។ លោកបានបញ្ជាក់ថា ប្រជាជនអាមេរិកទាំងមូល កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងលើជំនួបកំពូលមួយនេះ ហើយលោកមានកិត្តិយសយ៉ាងក្រៃលែងដែលបានមកជួប និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោក ស៊ី ជីនពីង។
«វាពិតជាកិត្តិយសណាស់ ដែលបាននៅទីនេះជាមួយអ្នក។ វាជាកិត្តិយស ដែលបានធ្វើជាមិត្តរបស់អ្នក ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នឹងក្លាយទៅជាទំនាក់ទំនងដ៏ល្អប្រសើរជាងពេលណាណាទាំងអស់»។ នេះជាការថ្លែងរបស់លោក ត្រាំ។
បន្ថែមពីលើនេះ លោក ត្រាំ បានបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគតនៃប្រទេសទាំងពីរ ដោយបានលើកឡើងថា «យើងនឹងមានអនាគតដ៏អស្ចារ្យជាមួយគ្នា។ ខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន និងការងារដែលអ្នកបានធ្វើ។ អ្នកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់»។ ការថ្លែងរបស់លោក ត្រាំ បានសង្កត់ធ្ងន់លើចំណងមិត្តភាពដ៏ «អស្ចារ្យ» រវាងមេដឹកនាំទាំងពីរ ដែលនេះជាសញ្ញាណវិជ្ជមានមួយ បន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយកន្លងមក៕