ស្ថានភាពនៅប្រទេសគុយបា កំពុងធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានប្រកាសថាអស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈ
ស្ថានភាពនៅប្រទេសគុយបា កំពុងធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ថា ប្រទេសនេះបានអស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈ សម្រាប់ផលិតអគ្គិសនីទាំងស្រុងហើយ។

វិធានការរឹតត្បិតពីសំណាក់សហរដ្ឋអាមេរិក បានធ្វើឱ្យការដឹកជញ្ជូនប្រេងចូលទៅកាន់កោះមួយនេះ ត្រូវកាត់ផ្តាច់ ដែលបណ្តាលឱ្យទីក្រុងឡាហាវ៉ាន កំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីដ៏អាក្រក់បំផុត ក្នុងរយៈពេលរាប់ទសវត្សរ៍។
តាមការចុះផ្សាយនាថ្ងៃទី១៤ ឧសភា របស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Vicente de la O រដ្ឋមន្ត្រីក្រសួងថាមពល បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយក្តីបារម្ភថា គុយបាមិនមានប្រេងឥន្ធនៈ ឬប្រេងម៉ាស៊ូតសូម្បីតែមួយតំណក់ នៅក្នុងស្តុកនោះទេ។ លោកបានបញ្ជាក់ថា បណ្តាញអគ្គិសនីជាតិ កំពុងស្ថិតក្នុងសភាព «វិបត្តិខ្លាំង» ដោយមិនមានទុនបម្រុងអ្វីទាំងអស់។ ក្នុងសប្តាហ៍នេះ ប្រជាពលរដ្ឋនៅទីក្រុងឡាហាវ៉ាន ត្រូវរស់នៅក្នុងទីងងឹតស្ទើរតែទាំងស្រុង ដោយបណ្តាខណ្ឌមួយចំនួនដាច់ចរន្តអគ្គិសនីរហូតដល់ ២០ ទៅ ២២ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើឱ្យស្ថានភាពជីវភាពរបស់ប្រជាជន ដែលកំពុងខ្វះខាតចំណីអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈស្រាប់នោះ កាន់តែលំបាកទ្វេដង។
បច្ចុប្បន្ន បណ្តាញអគ្គិសនីជាតិរបស់គុយបា ត្រូវពឹងផ្អែកទាំងស្រុងលើប្រេងឆៅក្នុងស្រុក ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ។ ទោះបីជាគុយបា បានដំឡើងសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យបាន ១ ៣០០មេហ្គាវ៉ាត់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក៏ដោយ ក៏ភាពមិនស្ថិតស្ថេរនៃបណ្តាញអគ្គិសនី ដោយសារកង្វះប្រេងឥន្ធនៈ បានធ្វើឱ្យប្រសិទ្ធភាពនៃការផលិតថាមពលធ្លាក់ចុះយ៉ាងខ្លាំង។
រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលគុយបា នៅតែបន្តស្វះស្វែងរកដៃគូ ដើម្បីនាំចូលប្រេង ដ្បិតជួបឧបសគ្គពីការបិទខ្ទប់របស់អាមេរិក។ យ៉ាងណាមិញ តម្លៃប្រេង និងតម្លៃដឹកជញ្ជូននៅលើទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងនេះ មានភាពស្មុគស្មាញ។ ប្រទេសដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់ឱ្យគុយបា ដូចជា ម៉ិកស៊ិក និងវ៉េណេស៊ុយអេឡា បានបញ្ឈប់ការដឹកជញ្ជូនប្រេងទាំងស្រុង ចាប់តាំងពីលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិក្នុងខែមករា ឆ្នាំ២០២៦ ដែលព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលហ៊ានដឹកជញ្ជូនប្រេងទៅកាន់គុយបា។
គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន មក មានតែនាវាដឹកប្រេងមួយគ្រឿងប៉ុណ្ណោះ ដែលបានមកដល់គុយបា ក្នុងខែមេសា ដែលជួយសម្រាលការលំបាកបានតែមួយពេលខ្លីប៉ុណ្ណោះ។ ការដាច់ចរន្តអគ្គិសនីនេះ កំពុងតែបង្កផលប៉ះពាល់ដល់សេវាសាធារណៈទូទាំងកោះ ដែលមានប្រជាជនជិត ១០លាននាក់នេះ។ អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន បានថ្កោលទោស ចំពោះការបិទខ្ទប់ប្រេងឥន្ធនៈរបស់លោក ត្រាំ ដោយចាត់ទុកថាជាសកម្មភាពខុសច្បាប់ ដែលរារាំងសិទ្ធិរបស់ប្រជាជនគុយបា ក្នុងការអភិវឌ្ឍ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិទទួលបានអាហារ ការអប់រំ សុខភាព និងអនាម័យ៕