នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបករណីជំរិតទារប្រាក់ បន្លំជានគរបាល ឃាត់ខ្លួនជនសង្ស័យ៨នាក់

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិចិន ដោយបន្លំខ្លួនជានគរបាល អស់ទឹកប្រាក់មួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងជាបន្តបន្ទាប់ក្រោយពីកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ TANG CAIYOU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដែលបានប្ដឹងថា ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន១២,០០០USD និង៨១,០០០USDT វេលាម៉ោង០០និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។ តាមការបញ្ជាក់ពីជនរងគ្រោះ ក្រោយពីធ្វើសកម្មភាព ក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃើញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោលនៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី១គ្រឿងម៉ាក Toyota Prius។

ក្រោយមកនៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២៦​ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំសហការជាមួយកម្លាំង​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់រួមមាន ១៖ ឈ្មោះ​ HUANG WENJING ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិចិន​ ត្រង់ចំណុចផ្លូវ113ខេ​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ​ YAW BAY NAR ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា។ ៣៖ ឈ្មោះ​ CHIT PO PO ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា។ ៤៖ ឈ្មោះ​ SAI MWAN KHAY ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា។ ៥៖ ឈ្មោះ LI YANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។ ៦៖ ឈ្មោះ LONG XIAOHUI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។ ៧៖ ឈ្មោះ CHEN XIAOQIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៤​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ​។ ៨៖ ឈ្មោះ​ SHAO MINGBO ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិចិន​ ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យ​ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ​ និងអនុវត្តតាមនិតិវិធីច្បាប៕

អត្ថបទដែលជាប់ទាក់ទង