ឃាត់ខ្លួនជនបរទេសជាង ៨០ នាក់ នៅ ០៣ ទីតាំងផ្សេងគ្នា ពាក់ព័ន្ធបទល្មើស Online Scams និង ស្នាក់នៅខុសច្បាប់

កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅ ០៣ កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ៨៣ នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និង ការស្នាក់នៅដោយខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ។

ទីតាំងទី០១ ៖ ផ្លូវ ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរកឃើញជនជាតិចិន ៣២ នាក់ (គ្មានលិខិតឆ្លងដែន ១៧ នាក់ , សង្ស័យលិខិតឆ្លងដែនក្លែងក្លាយ ០១ នាក់) ជនជាតិម៉ាឡេស៊ី ០១ នាក់។ ជនបរទេសទាំង ៣៣ នាក់ នេះ រត់ពួនអំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ (មិនសហការជាមួយសមត្ថកិច្ច និង ស្នាក់នៅដោយខុសច្បាប់)។ ទីតាំងទី០២ ៖​ ខុនដូរ SKY TREE អគារ A , B , C ស្ថិតនៅសង្កាត់ទួលសង្កែទី ០២ ខណ្ឌឫស្សីកែវ បានរកឃើញបរទេស ៣១ នាក់ ពាក់ព័ន្ធបទល្មើស Online Scams ក្រោមរូបភាពអូសទាញវិនិយោគខុសច្បាប់ និង ដកហូតសម្ភារៈ កុំព្យូទ័រ All IN ONE ចំនួនសរុប ០៤ គ្រឿង , កុំព្យូទ័រយួដៃ Laptop ចំនួនសរុប ២១ គ្រឿង , ទូរស័ព្ទដៃ ចំនួនសរុប ១០៤ គ្រឿង , លិខិតឆ្លងដែនសញ្ជាតិ ០៩ ក្បាល ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ទីតាំងទី០៣ ៖ ផ្ទះលេខ ៧៧ ផ្លូវS-02 បុរី ប៉េង ហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានរកឃើញជនជាតិចិនចំនួន ២០ នាក់ (គ្មានលិខិតឆ្លងដែនចំនួន ១០ នាក់) ជាទីតាំង ជនបរទេសប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និង វត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង