២ប្រទេស នៅអាស៊ីអាគ្នេយ៍ កំពុងត្រូវកូវីដបំប្លែងខ្លួន NB.1.8.1 វាយលុកខ្លាំង

នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានក្រើនរម្លឹក ដល់ពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន ក្រោយការរកឃើញ ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ NB.1.8.1 ចំនួន ១ករណី។

យោងតាមសេចក្តីប្រកាសរបស់ក្រសួង ករណីវិជ្ជមាននេះ ត្រូវបានរកឃើញ កាលពីថ្ងៃទី១៨ ខែឧសភា ដូច្នេះ ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ បង្ការការចម្លងជំងឺកូវីដ-១៩ គ្រប់ទម្រង់។

ទន្ទឹមនឹងការរកឃើញនៅកម្ពុជា, NB.1.8.1 កំពុងវាយលុកខ្លាំងនៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ២ទៀត ដូចជា សិង្ហបុរី និងថៃ ជាពិសេសសិង្ហបុរីតែម្តង ដែលវាកំពុងបង្កការឆ្លង យ៉ាងរីករាលដាល។

ក្នុងពេលមួយសប្តាហ៍ បើគិតចាប់ពីថ្ងៃទី១០ ដល់ទី១៦ ខែឧសភា, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសិង្ហបុរី បានរាយការណ៍ ពីការឆ្លងជំងឺកូវីដ-១៩ថ្មី ប្រមាណ ១២ ៧០០ករណី ពោលគឺកើនឡើង ដល់ទៅ៥៩% បើធៀបនឹងសប្តាហ៍មុននោះទៀត ដែលមានការឆ្លងត្រឹម ៨ ០០០ករណី។

ក្នុងអំឡុងពេលនោះដែរ ជាមធ្យម មានអ្នកជំងឺកើនឡើង ពី ៥៦ ដល់ ៧៣នាក់ ដែលតម្រូវឲ្យចូលព្យាបាល នៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ខណៈជាមធ្យម ក្នុងមួយថ្ងៃ មានអ្នកជំងឺ ម្នាក់ ត្រូវសង្គ្រោះបន្ទាន់។

ចំណែកថៃវិញ! បើគិតចាប់តាំងពីដើមឆ្នាំនេះ មកដល់ថ្ងៃទី២៣ ខែឧសភា មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ៣ ៦៤២ករណី ហើយអ្វីដែលគួរឲ្យបារម្ភគឺថា ក្នុងចំណោមនោះ មាន ៥០.៩៥% ដែលជំរុញដោយវីរុសបំប្លែងថ្មី NB.1.8.1។

យោងតាមភ្នាក់ងារតាមដានជំងឺឆ្លងថៃ, ក៏មានមនុស្សម្នាក់ បាត់បង់ជីវិតផងដែរ ដោយសារជំងឺនេះ ខណៈអ្នកឆ្លង ភាគច្រើនមានអាយុចន្លោះ ៣០-៣៥ឆ្នាំ។

សូមជម្រាបថា បើយោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅ ដែលវិវត្ត ចេញពីពូជអូមីក្រុង ខ្សែស្រឡាយ JN.1។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះ ជា «វីរុសបំប្លែងខ្លួន ដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេតឃើញ ការកើនឡើងយ៉ាងឆាប់ ពីទិន្នន័យវិភាគលម្អិតហ្សែន នៅលើសកលលោក៕

អត្ថបទដែលជាប់ទាក់ទង