អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍

យោធា​អ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបើកការវាយប្រហារចំគោលដៅមេបញ្ជាការថ្មី​ផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងការវាយ​ឆ្មក់បាញ់ប្រហារមួយនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​អ្នក​កាន់តំណែងមុន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នា នៅក្នុងទឹកដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានបញ្ជាក់ថា «ក្រោមការណែនាំរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz កងកម្លាំងការពារ​ជាតិ​អ៊ីស្រាអែល (IDF) ទើបតែបានបើកការវាយប្រហារ​មួយនៅក្នុងតំបន់ហ្គាហ្សា ដោយផ្តោតគោលដៅលើបុគ្គល Mohammed Odeh ដែលជាមេបញ្ជាការថ្មីនៃផ្នែកយោធារបស់អង្គការភេរវកម្មហាម៉ាស»។

សេចក្តីថ្លែងការណ៍របស់លោក ណេតាន់យ៉ាហ៊ូ និងលោក Katz បានបន្តថា «លោក Odeh បានបម្រើការជាប្រមុខចារកម្មរបស់ក្រុមហាម៉ាស អំឡុងពេលមានការសម្លាប់រង្គាល កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានតែងតាំងប្រហែលមួយសប្តាហ៍មុននេះ ដើម្បីបន្តតំណែងពីលោក Ezzedine Al-Haddad (ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅហ្គាហ្សា កាលពីដើមខែឧសភានេះ) »។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «លោក Odeh គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់ ការចាប់ពង្រត់ និងការបង្ករបួសស្នាមដល់ប្រជាជនស៊ីវិលអ៊ីស្រាអែល និងទាហាន IDF ជាច្រើនរូប»។

បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ និងកម្ចាត់មេគំនិតដែលនៅពីក្រោយការវាយប្រហារទាំងនោះ ដែលយោងតាមការរាប់របស់ទីភ្នាក់ងារសារព័ត៌មាន AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សចំនួន ១,២២១ នាក់បាត់បង់ជីវិត។

ដោយឡែក បើតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលដំណើរការក្រោមអាជ្ញាធរហាម៉ាស បានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២,៨០៣ នាក់ហើយ។ អង្គការសហប្រជាជាតិបានចាត់ទុកថា តួលេខទាំងនេះគឺអាចជឿទុកចិត្តបាន។

អំឡុងពេលសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស អ៊ីស្រាអែលបានប្រកាសទទួលខុសត្រូវចំពោះការធ្វើឃាតមេដឹកនាំហាម៉ាសជាច្រើនរូប រួមទាំងអតីតប្រមុខនយោបាយរបស់ក្រុមនេះ គឺលោក Ismail Haniyeh ផងដែរ។ ទាហានអ៊ីស្រាអែល ក៏បានសម្លាប់លោក Yahya Sinwar ដែលត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាមេគំនិតសំខាន់នៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ចំណែកលោក Mohammed Deif ដែលជាមេបញ្ជាការដ៏យូរលង់នៃផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងត្រូវបានចាត់ទុកជាស្ថាបត្យករម្នាក់នៃការវាយប្រហារនោះ ក៏ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះដែរ។

មិនតែប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើសមាជិកក្រុមហាម៉ាសនៅលីបង់ ព្រមទាំងមេបញ្ជាការជាន់ខ្ពស់នៃក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស រួមទាំងអតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង