អាល្លឺម៉ង់​ចង់​ធ្វើ​​ជា​អ្នក​សម្របសម្រួល​ជម្លោះ​កម្ពុជា​-ថៃ

រដ្ឋមន្ត្រី​ប្រតិភូ​ទទួល​បន្ទុក​អឺរ៉ុប​នៃ​ប្រទេស​អាល្លឺម៉ង់​លោក Gunther Krichbaum បាន​លើក​ឡើង​ថា​ប្រទេស​លោក​មាន​បំណង​ចង់​ធ្វើ​ជា «អ្នក​សម្របសម្រួល​ដោយ​ស្មោះ​ត្រង់» ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ពី​លទ្ធផល​ជំនួប​ទ្វេភាគី​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ទី​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​។


​ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​នោះ​ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​ថា លោក Gunther Krichbaum បាន​លើកឡើង​ប្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន ថា​ អាល្លឺម៉ង់​ទទួល​ស្គាល់​ពី​សភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា និង​ប្រជាជន​ភៀស​សឹក​ ដោយ​ប្រទេស​នេះ​មាន​បំណង​ចង់​ធ្វើ «អ្នកសម្របសម្រួល​ដោយ​ស្មោះ​ត្រង់​» ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​នេះ​។

ពុំ​មាន​ព័ត៌មាន​យ៉ាងណា​បន្ថែម​ពី​ជំនួប​នេះ​ទេ ខណៈ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​មាន​ជំនួប​ជា​មួយ​តំណាង​ប្រទេស​ជា​ច្រើន​ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​បើក​ចំហ​កម្រិត​ខ្ពស់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា​នោះ​។

លោក Gunther Krichbaum

យ៉ាងណា​ក្ដី​ក្រសួង​បាន​សរសេរ​បញ្ជាក់​ពី​ជំហរ​កម្ពុជា​នៅ​ខាង​ក្រោម​នៃ​សេចក្ដី​ប្រកាស​នោះ​ថា​៖ «តាមរយៈ​ជំនួប​ទ្វេ​ភាគី​ដ៏​ទូលំទូលាយ​ទាំង​នេះ កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ដើម្បី​ធានា​បាន​នូវ​សន្ដិភាព​ សន្ដិសុខ និង​ស្ថិរភាព សម្រាប់​តំបន់​និង​ពិភព​លោក​»


ទាក់ទង​នឹង​បំណង​របស់​​អាល្លឺម៉ង់​នេះ​​សម្រាប់​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច យល់ថា​នេះ​ជា​ព័ត៌មាន​ល្អ​មួយ​ដែល​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​អ្នក​មាន​​ឥទ្ធិពល​នៅ​អឺរ៉ុប​ចាប់​អារម្មណ៍​លើ​ជម្លោះ​ និង​ចង់​ចូល​ខ្លួន​មក​ជួយ​សម្របសម្រួល​ទំនាស់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នេះ​​។ លោក​ថា​អាល្លឺម៉ង់​មាន​ទំនាក់ទំនង​ល្អ​ទាំង​កម្ពុជា និង​ថៃ ហើយ​លើស​ពី​នេះ​ទៀត​ប្រទេស​នេះ​គឺ​ជា​ប្រទេស​ដែល​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​ធំធាត់ និង​ចំណាយ​ពេល​​រស់​នៅ​ច្រើន​មុន​ពេល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​​ ដែល​អាច​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការ​ចូល​ខ្លួន​មក​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​បាន​។

លោក​ថា៖ «សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ​បើ​សិន​បងធំ​ទាំង​ពីរ​របស់​អឺរ៉ុប​គឺ​អាល្លឺម៉ង់​និង​បារាំង រួម​គ្នា​ដោះស្រាយ​បញ្ហា​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា​នេះ​គឺ​នឹង​អាច​ចេញ​ជា​លទ្ធផល​ដ៏​ល្អ​។ ទី១​គឺ​អាល្លឺម៉ង់​អាច​ជា​អ្នក​សម្របសម្រួល​​​ចេញ​មុខ ហើយ​ដោយ​មាន​ការ​សហការ​បច្ចេកទេស​ផ្លូវ​ច្បាប់​ហើយ​នឹង​ឯកសារ​ពី​ប្រទេស​បារាំង​នោះ​គឺ​ការ​ដោះស្រាយ​បញ្ហា​រវាង​ថៃ​និង​កម្ពុជា​នឹង​អាច​សម្រេច​ជា​ផ្លែផ្កា​​​»


គួរ​ឱ្យ​ដឹង​ផង​ដែរ​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​បើក​ចំហ​កម្រិត​ខ្ពស់​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា​កន្លង​ទៅ​ ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា​​បទ​ឈប់​បាញ់​និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​ថៃ​គឺ​នៅ​តែ​មាន​ភាព​ផុយ​ស្រួល​ដោយ​សារ​សកម្មភាព​របស់​ប្រទេស​ថៃ​នៅ​លើ​ដី​ដែល​បាន​ឈ្លាន​ពាន​កម្ពុជា​។ លោក​ជំរុញ​ឱ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ ព្រម​ទាំង​សន្ធិសញ្ញា និង​កិច្ច​ព្រម​ព្រៀង​ដោយ​ស្មោះ​ត្រង់ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​​ស្ដារ​ទំនុក​ចិត្ត​ឡើង​វិញ ធានា​សន្ដិភាព​យូរ​អង្វែង និង​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក អាច​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ។

លោក​ ប្រាក់ សុខុន បាន​​ជំរុញ​ដល់​សហគមន៍​អន្តរជាតិ​បន្ត​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​សន្ដិវិធី​ទាំង​នេះ ដើម្បី​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​ ដ៏​ដូចជា​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​ទាំង​មូល៕


អត្ថបទដែលជាប់ទាក់ទង