ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរការបំពេញការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការផ្ដល់សេវាសាធារណៈបម្រើពលរដ្ឋ និងបង្ក្រាបទប់ស្កាត់បង្ក្រាបបទល្មើស
(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ជួប ខុន បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដឹកនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើឲ្យរាជធានីភ្នំពេញ រក្សាបានសន្តិសុខយ៉ាងល្អប្រសើរ ពិសេសលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់ សហការគ្នាយ៉ាងស្អិតរមួត អនុវត្តព្រមៗគ្នាតែម្តង ដើម្បីឈានទៅលុបបំបាត់ឲ្យអស់ទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ពីក្នុងមូលដ្ឋាន។
លោក ជួប ខុន បានបន្តថា ក្រៅពីរក្សាសន្តិសុខ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ក៏បានអនុវត្តការងារ ស្តារ លូ ប្រឡាយ ព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទេ។
លោក ហួត ហៃ អភិបាលរងរាជធានី ក្នុងឱកាសនោះ បានថ្លែងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង គឺបានបញ្ជាផ្ទាល់ ម៉ឺងម៉ាត់ និងមិនរាថយ ដោយបានប្រើពេលវេលាប្រមាណ៨០% នៃការងារ ដើម្បីឈានទៅលុបបំបាត់ឲ្យអស់បទល្មើសទាំងនេះឲ្យអស់ពីមូលដ្ឋាន។
លោក ហួត ហៃ បានបន្តថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុគស្មាញ ដោយក្រុម (Online Scams) បានបំបែកខ្លួនពីទីតាំងធំៗ មកទីតាំងផ្ទះល្វែង និងវីឡាតូចៗវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅតែបន្តធ្វើដោយភាពម៉ឺងម៉ាត់ និងមិនរាថយឡើយ ដើម្បីឲ្យប្រទេសកម្ពុជាទទួលបានសេដ្ឋកិច្ចពណ៌ស៕

