ករណីសាច់បង្កក! ខណ្ឌព្រែកព្នៅ រកឃើញមួយចំនួននាំចូលពីប្រទេសថៃ ខណៈម្ចាស់ទីតាំងត្រូវនាំខ្លួនទៅសួរនាំ

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែព្នៅ ដែលសង្ស័យមាននាំចូល និងស្តុកសាច់បង្កកពីប្រទេសថៃ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី១១ ខែមិថុនា នេះថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារចំរុះបានរកឃេីញ មានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥ ,ផលិតផលក្នុងស្រុកមាន ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់។ ផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២ដុំតូច មានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ ដុំតូច។

លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្រោយប្រតិបត្តិការ ម្ចាស់ទីតាំងខាងលើត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នក ពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

លោកស្រី អ្នកនាំពាក្យបញ្ជាក់បន្ថែមទៀតថា លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញបានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យ ទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់ក្នុងករណីរកឃើញត្រូវសួរនាំឱ្យបានលម្អិតថា អ្នកណាជាអ្នកនាំចូល ? ចូលតាមច្រកណា? ខេត្តណា? មានអាជ្ញាបណ្ណនាំចូលឬទេ? ហើយអ្នកណាជាអ្នកដឹកជញ្ជូន ?។

លោកអភិបាលសង្កត់ធ្ងន់ថា កិច្ចការទាំងអស់នេះរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នា ជាមួយនឹងការងារចុះប្រតិបត្តិការ បោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត៕

 

អត្ថបទដែលជាប់ទាក់ទង