IAEA អនុម័តសេចក្តីសម្រេចបង្គាប់ឲ្យអ៊ីរ៉ង់ ប្រកាសពីសន្និធិអ៊ុយរ៉ាញ៉ូម ចំពេលភាពតានតឹងយោធា
ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) ដែលមាន ៣៥ប្រទេសជាសមាជិក នៅថ្ងៃទី១០ ខែមិថុនា បានអនុម័តសេចក្តីសម្រេចមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក បង្គាប់ឲ្យអ៊ីរ៉ង់ប្រកាសពីសន្និធិ (Stock) អ៊ុយរ៉ាញ៉ូមចម្រាញ់រួចដែលនៅសេសសល់ និងអនុញ្ញាតឲ្យក្រុមអធិការកិច្ចចូលទៅផ្ទៀងផ្ទាត់។
ទោះបីយ៉ាងណា ចំណាត់ការនេះអាចធ្វើឲ្យកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កាន់តែមានភាពស្មុគស្មាញខ្លាំងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។

ការសម្រេចនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារយោធា តបតគ្នាទៅវិញទៅមក ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាមេរិកមួយគ្រឿង នៅជិតច្រកសមុទ្រ Hormuz។
ការវាយប្រហាររបស់អ៊ីស្រាអែល និងមេរិកកាលពីខែមិថុនាឆ្នាំមុន បានបំផ្លាញ ឬបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ប៉ុន្តែអ៊ុយរ៉ាញ៉ូមចម្រាញ់ភាគច្រើនដែលរោងចក្រទាំងនោះផលិតបាន រួមទាំងវត្ថុធាតុដើមដែលជិតដល់កម្រិតអាចផលិតជាអាវុធបានផងនោះ ត្រូវបានគេជឿជាក់ថា បានរួចផុតពីការបំផ្លិចបំផ្លាញ។
គិតមកទល់ពេលនេះ អ៊ីរ៉ង់នៅតែមិនទាន់បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អំពីជោគវាសនានៃវត្ថុធាតុដើមទាំងនោះ ឬអនុញ្ញាតឲ្យក្រុមអធិការកិច្ចរបស់ IAEA ត្រឡប់ទៅកាន់ទីតាំងដែលរងការទម្លាក់គ្រាប់បែក ដើម្បីពិនិត្យមើលឡើយ។ អាមេរិកបានដឹកនាំយុទ្ធនាការជំរុញឲ្យមានសេចក្តីសម្រេចនេះ ប៉ុន្តែអ៊ីរ៉ង់បានហៅទង្វើនេះថាជាការ «លាងសម្អាតកំហុសនៃការឈ្លានពានយោធា» ដ្បិតក្រុមអធិការកិច្ចធ្លាប់មានសិទ្ធិចូលពិនិត្យទីតាំងទាំងនោះរួចហើយ មុនពេលមានការវាយប្រហារ។
យ៉ាងណាមិញ ក្រុមអ្នកការទូតនៅក្នុងកិច្ចប្រជុំបិទទ្វារបានឲ្យដឹងថា អត្ថបទនៃសេចក្តីសម្រេចដែលដាក់ជូនដោយអាមេរិក,អង់គ្លេស បារាំង និងអាល្លឺម៉ង់ ត្រូវបានអនុម័តដោយទទួលបានសំឡេងគាំទ្រ ២១សំឡេង, ជំទាស់ ៣សំឡេង និងអនុបវាទ (មិនបោះឆ្នោត) ១០សំឡេង។ ពួកគេបានបន្ថែមថា ប្រទេសដែលបោះឆ្នោតជំទាស់រួមមាន រុស្ស៊ី ចិន និងនីហ្សេ ខណៈដែលប្រទេសវេណេស៊ុយអេឡា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ៕
