មន្ត្រីជំនាញរកឃើញគ្រឿងទេស និងប្រហិតនាំចូលពីប្រទេសថៃ ជាង៧០០គីឡូក្រាម ក្នុងទីតាំងសិប្បកម្មផលិតប្រហិត​មួយក្នុងក្រុងតាខ្មៅ

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរខេត្តកណ្ដាល បានចុះត្រួតពិនិត្យទីតាំងសង្ស័យនាំចូលផលិតផលពីប្រទេសថៃចំនួនពីរកន្លែងក្នុងស្រុកអង្គស្នួល និងក្រុងតាខ្មៅ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យ កម្លាំងជំនាញបានរកឃើញទីតាំងសិប្បកម្មផលិតប្រហិត​មួយនៅក្នុងក្រុងតាខ្មៅបាននាំចូលគ្រឿងទេស និងប្រហិតពីប្រទេសថៃជាង ៧០០គីឡូក្រាម។ ក្រោយពីរកឃើញជាក់ស្ដែង កម្លាំងជំនាញបានដកហូតវត្ថុតាងយកទៅរក្សាទុក ខណៈម្ចាស់ទីតាំងត្រូវបាននាំខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ដើម្បីស្វែងរកប្រភពផ្គត់ផ្គង។ ចំពោះទីតាំងដែលបានរកឃើញមានផលិតផលនាំចូលពីប្រទេសថៃនេះ កម្លាំងជំនាញក៏បានពិនិត្យរកឃើញផលិតផលចំនួន ១៩មុខ សរុបចំនួន ២,៥៥៤.៩Kg ក្នុងនោះភាគច្រើនផលិតផលថៃ។

សូមជម្រាបថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល កម្លាំងសាខា(ក.ប.ប)ខេត្ត កម្លាំងសាខាគយ និងរដ្ឋាករខេត្ត កម្លាំងបសុពេទ្យខេត្ត និងកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង លើទីតាំងចំនួនពីរមាន ទី១ ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្តាល​ មានម្ចាស់ឈ្មោះ​ ហ៊ន​ ស្រី​ ភេទស្រី​ អាយុ​៤២ឆ្នាំ​ ជនជាតិ​ខ្មែរ​ ពិនិត្យឃើញផលិតផលសរុបចំនួន ៥,៦៥៣Kg និងរកឃើញទំនិញ​ប្រភេទប្រហិតសាច់គោសរុប៤០០Kg មិនមានចុះកាលបរិច្ឆេទ ត្រូវបានដឹកទៅទីលានចាក់សំរាមស្រុកអង្គស្នួលដុតកំទេចចោល។

ទីតាំងទី២ នៅភូមិដើមមៀន​ សង្កាត់​ដើមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មានម្ចាស់ឈ្មោះ​ ឯក​ សីណាក​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជាម្ចាស់ទីតាំងមានច្បាប់សិប្បកម្មផលិតប្រហិត​ (ម៉ែធី​MTB) ដែលកម្លាំងជំនាញបានរកឃើញមានផលិតផល ថៃ ចំនួន១៨មុខ​(គ្រឿងទេស​ និងប្រហិត) ស្មើនឹង ៧៧៩.១kg ក្នុងចំណោមផលិតផលសរុបចំនួន ២,៥៥៤.៩Kg ក្នុងនោះភាគច្រើនផលិតផលថៃ៕

 

អត្ថបទដែលជាប់ទាក់ទង