សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូ​ល ៩១ព្រះវស្សា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូ​ល ៩១ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខ។

សារលិខិតមានខ្លឹមសារទាំងស្រុងថា «ខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈ​កម្មាធិ​កា​រ​កណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជា​នៅទូទាំង​ប្រទេស សូមព្រះបរ​ម​រា​ជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហា​ប្រសើរ​គ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់​ខ្ព​ស់​បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញា​ណ​ភ្លឺថ្លា និងមា​ន​ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ជាភិយ្យោភាពតរៀងទៅ។

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហា​ក​រុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជា​ទី​​​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រកបដោយទសពិធរាជ​ធម៌ គុណធ​ម៌ មនុស្សធម៌ដ៏ថ្លៃថ្លា ​និងគង់ប្រថាប់ជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការគោរព​ប្រតិបត្តិតាមមាគ៌ា​ដ៏​ល្អ​ផូរ​ផ​ង់​​របស់​ព្រះពុទ្ធ​​​​​​សាស​នា ដើម្បីសន្សំព្រះរាជបុញ្ញកុសលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ​សុភម​ង្គ​ល និងភា​ព​សម្បូរ​សប្បា​យ រុងរឿ​ង ថ្កុំថ្កើង តម្កល់ជាឧត្តម​ប្រយោជន៍​ដ៏មហាធំធេងសម្រាប់សង្គម​ជា​តិ​​ និង​ប្រជារាស្ត្រ​កម្ពុជា ជាកូន ចៅ ចៅ​ទួត​របស់ព្រះអង្គ​ដ៏​យូរអង្វែង​តរៀង​ទៅ​។

ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដួង​ព្រះ​វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរម​រតន​កោ​ដ្ឋ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី សូម​​ព្រះ​មេត្តា​ជួយអភិបាលប្រោសព្រំ គ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរ​ព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ»។​

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖

អត្ថបទដែលជាប់ទាក់ទង