អាមេរិក បង្ហាញជាសាធារណៈ នូវខ្លឹមសារលម្អិត នៃ MoU ១៤ចំណុច ជាមួយអ៊ីរ៉ង់
សេតវិមានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាជាផ្លូវការ រួចរាល់ហើយ លើកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ ឬគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច ក្នុងគោលបំណង បញ្ចប់សង្រ្គាមរយៈពេលបួនខែ រវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់សេតវិមាន ដែលផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី បានចុះហត្ថលេខាផ្ទាល់ លើឯកសារច្បាប់ដើម ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅវិមាន Versailles នៃប្រទេសបារាំង ដែលការចុះហត្ថលេខានេះ កើតឡើងមុនពិធីផ្លូវការ នៅប្រទេសស្វីស មួយថ្ងៃ។
ស្របពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ចេញជាសាធារណៈ នូវខ្លឹមសារលម្អិត ១៤ចំណុចនៃ MoU នេះផងដែរ ដែលមានដូចជា៖
១ — សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងសង្រ្គាមបច្ចុប្បន្ន បានចុះហត្ថលេខាលើ MOU នេះ ដើម្បីប្រកាសអំពីការបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នូវរាល់ប្រតិបត្តិការយោធា នៅគ្រប់សមរភូមិ រួមទាំងក្នុងប្រទេសលីបង់ផងដែរ ហើយចាប់ពីពេលនេះតទៅ ត្រូវសន្យាថា នឹងមិនចាប់ផ្តើមសង្រ្គាម ឬប្រតិបត្តិការយោធាណាមួយ ប្រឆាំងនឹងគ្នាទៅវិញទៅមកទៀតឡើយ ព្រមទាំងចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងគ្នា ហើយធានាឲ្យបាន នូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់។ កិច្ចព្រមព្រៀងចុងក្រោយ នឹងបញ្ជាក់ពីការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ និងបទប្បញ្ញត្តិផ្សេងទៀតនៃកថាខណ្ឌនេះ។
២ — សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សន្យាថា នឹងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី របស់គ្នាទៅវិញទៅមក ហើយចៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។
៣ — សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្ដេជ្ញាចិត្តក្នុងការចរចា និងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងចុងក្រោយ ក្នុងរយៈពេលយ៉ាងយូរ ៦០ថ្ងៃ ដែលអាចពន្យារពេលបាន តាមការយល់ព្រមពីភាគីទាំងសងខាង។
៤ — ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើ MOU នេះ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដកការបិទខ្ទប់ផ្លូវទឹក និងរាល់ការរំខាន ឬឧបសគ្គនានា ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយនឹងបញ្ចប់ការបិទខ្ទប់ផ្លូវទឹកទាំងស្រុង ក្នុងរយៈពេល ៣០ថ្ងៃ។ ក្នុងអំឡុងពេលនេះ ការធ្វើចរាចរណ៍របស់នាវា នឹងត្រូវស្តារឡើងវិញដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឲ្យសមាមាត្រទៅនឹងចំនួនចរាចរណ៍ កាលពីមុនពេលមានសង្រ្គាម។ សហរដ្ឋអាមេរិក ក៏សន្យាបន្ថែមទៀតថា នឹងដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ក្បែរខាងនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងចុងក្រោយ ត្រូវបានសម្រេច។
៥ — ក្រោយការចុះហត្ថលេខាលើ MOU នេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងចាត់ចែងដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ចាប់ពីឈូងសមុទ្រពែរ្ស ទៅដល់សមុទ្រអូម៉ង់។ ចរាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម នឹងចាប់ផ្តើមភ្លាមៗ ហើយដោយពិចារណា លើតម្រូវការក្នុងការលុបបំបាត់ឧបសគ្គផ្នែកបច្ចេកទេស និងយោធា ខណៈការបោសសម្អាតមីនដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ។ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងធ្វើកិច្ចសន្ទនាជាមួយស្តេចស៊ុលតង់ នៃប្រទេសអូម៉ង់ ដើម្បីកំណត់អំពីការគ្រប់គ្រង និងសេវាដែនសមុទ្រ នាពេលអនាគតនៅច្រក Hormuz ដោយមានការពិភាក្សាជាមួយរដ្ឋជាប់ឆ្នេរឈូងសមុទ្រពែរ្សផ្សេងទៀត ឲ្យស្របទៅតាមច្បាប់អន្តរជាតិជាធរមាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ ជាប់ឆ្នេរនៃច្រកសមុទ្រ Hormuz។
៦ — សហរដ្ឋអាមេរិក សន្យាជាមួយដៃគូតំបន់ ក្នុងការបង្កើតផែនការច្បាស់លាស់ និងមានការឯកភាពពីគ្នាទៅវិញទៅមក ជាមួយនឹងកញ្ចប់ថវិកាយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារអាមេរិក សម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ យន្តការសម្រាប់ការអនុវត្តផែនការនេះ នឹងត្រូវសម្រេចជាស្ថាពរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ ក្នុងរយៈពេល ៦០ថ្ងៃ។ រាល់អាជ្ញាប័ណ្ណ ការលើកលែង និងការអនុញ្ញាតនានាដែលចាំបាច់សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធ នឹងត្រូវផ្តល់ជូនដោយសហរដ្ឋអាមេរិក។
៧ — សហរដ្ឋអាមេរិក សន្យានឹងបញ្ចប់រាល់ទម្រង់នៃទណ្ឌកម្មទាំងអស់ ប្រឆាំងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ រួមទាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC), សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងរាល់ទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក (ទាំងទណ្ឌកម្មចម្បង និងទណ្ឌកម្មបន្ទាប់បន្សំ) ទៅតាមកាលវិភាគដែលបានព្រមព្រៀងគ្នា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ។
៨ — សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បញ្ជាក់ជាថ្មីថា ខ្លួននឹងមិនស្វែងរក ឬអភិវឌ្ឍអាវុធនុយក្លែអ៊ែរឡើយ។ សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ព្រមព្រៀងគ្នា ដោះស្រាយការចាត់ចែងសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ដែលបានរក្សាទុក ស្របតាមយន្តការមួយ ដែលនឹងត្រូវយល់ព្រមរួមគ្នា ទៅតាមកាលវិភាគដែលបានរៀបរាប់ ក្នុងកថាខណ្ឌទីប្រាំពីរ ដោយយ៉ាងហោចណាស់ ត្រូវប្រើវិធីសាស្ត្រកាត់បន្ថយកំហាប់នៅនឹងកន្លែង ក្រោមការត្រួតពិនិត្យរបស់ IAEA។
៩ — ក្នុងកំឡុងពេលរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់យល់ព្រមរក្សាស្ថានភាពដដែល (Status quo)។ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងរក្សាស្ថានភាពបច្ចុប្បន្ននៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយសហរដ្ឋអាមេរិក នឹងមិនដាក់ទណ្ឌកម្មថ្មីណាមួយឡើយ ព្រមទាំងមិនពង្រាយកងកម្លាំងបន្ថែមនៅក្នុងតំបន់នោះទេ។
១០ — សហរដ្ឋអាមេរិកសន្យាថា ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើ MOU នេះ រហូតដល់ទណ្ឌកម្មត្រូវបានបញ្ចប់ ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងចេញលិខិតលើកលែងសម្រាប់ការនាំចេញប្រេងឆៅ ប្រេងកាត និងផលិតផលចម្រាញ់ពីប្រេងកាតរបស់អ៊ីរ៉ង់ ព្រមទាំងសេវាពាក់ព័ន្ធទាំងអស់ រួមមានប្រតិបត្តិការធនាគារ ការធានារ៉ាប់រង និងការដឹកជញ្ជូនជាដើម។
១១ — សហរដ្ឋអាមេរិកសន្យា នឹងបើកផ្តល់ឲ្យប្រើប្រាស់ទាំងស្រុងនូវមូលនិធិ និងទ្រព្យសម្បត្តិដែលត្រូវបានបង្កក ឬរឹតបន្តឹងរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្រោយការអនុវត្ត MOU នេះ។ សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងព្រមព្រៀងរួមគ្នាលើនីតិវិធី ពាក់ព័ន្ធនឹងការដោះលែងមូលនិធិទាំងនេះក្នុងកំឡុងពេលចរចា។ មូលនិធិទាំងនោះ ទោះបីជារក្សាទុកក្នុងគណនីដើម ឬត្រូវបានផ្ទេរក៏ដោយ ក៏ត្រូវតែបើកឲ្យប្រើប្រាស់បានទាំងស្រុង សម្រាប់ការទូទាត់ទៅកាន់អ្នកទទួលផលចុងក្រោយណាម្នាក់ដែលត្រូវបានចាត់តាំង ដោយធនាគារកណ្តាលនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ផងដែរ។ សហរដ្ឋអាមេរិកសន្យានឹងចេញរាល់អាជ្ញាប័ណ្ណ និងការអនុញ្ញាតចាំបាច់នានា ស្របទៅតាមការរៀបរាប់នេះ។
១២ — សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ព្រមព្រៀងគ្នាថា យន្តការប្រតិបត្តិមួយនឹងត្រូវបង្កើតឡើង ដើម្បីតាមដានការអនុវត្តប្រកបដោយជោគជ័យនៃ MOU នេះ និងការអនុលោមតាមកិច្ចព្រមព្រៀងចុងក្រោយ នាពេលអនាគត។
១៣ — បន្ទាប់ពីការចុះហត្ថលេខាលើ MOU នេះ និងដោយផ្អែកលើការចាប់ផ្តើមនៃការអនុវត្តកថាខណ្ឌទី ១, ៤, ៥, ១០ និង ១១ នៃ MOU នេះ ព្រមទាំងការបន្តអនុវត្តវិធានការទាំងនេះ សហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងចាប់ផ្តើមការចរចាជុំវិញកិច្ចព្រមព្រៀងចុងក្រោយ ដោយផ្តោតជាពិសេសទៅលើតែកថាខណ្ឌផ្សេងទៀតតែប៉ុណ្ណោះ។
១៤ — កិច្ចព្រមព្រៀងចុងក្រោយ នឹងត្រូវអនុម័តគាំទ្រដោយសេចក្តីសម្រេច ដែលមានចំណងគតិយុត្តិ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)៕
