រុស្ស៊ី ក្តៅស្លឹក​ត្រចៀក និង​ប្តេជ្ញា​សងសឹក​ ក្រោយអ៊ុយក្រែន​ វាយ​ប្រហារ​ទ្រង់ទ្រាយធំបំផុត ជាមួយ​ដ្រូន ​១ ០០០​គ្រឿង

មិនធ្លាប់មានសោះឡើយ អ៊ុយក្រែន បានបាញ់បង្ហោះដ្រូន រហូតដល់ទៅ ១ ០០០គ្រឿង វាយប្រហារទូទាំងប្រទេសរុស្ស៊ី ត្រឹមមួយថ្ងៃ ក្នុងនោះមានជិត ២០០គ្រឿង ហោះបុកនៅរដ្ឋធានី មូស្គូ បង្កការបំផ្លិចបំផ្លាញ ជាពិសេសបង្កជាអគ្គិភ័យ នៅរោងចក្រចម្រាញ់ប្រេង ខណៈពេលនេះ វិមានក្រឹមឡាំង ក្តៅស្លឹកត្រចៀក និងប្តេជ្ញាសងសឹកវិញ។

តាមការផ្សាយរបស់ BBC, ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុត ចាប់តាំងពីផ្ទុះសង្គ្រាមឆ្នាំ២០២២ មក ហើយតំបន់ទូទាំងប្រទេសរុស្ស៊ី ត្រូវស្ថិតក្រោមការវាយប្រហារ។

ក្នុងតួលេខបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ី ក្នុងប្រតិបត្តិការដ៏ខ្លាំងក្លានេះ អ៊ុយក្រែន ប្រើដ្រូនរហូតដល់ទៅ ១ ០០០គ្រឿង ក្នុងនោះមានជិត ២០០គ្រឿង វាយប្រហារទីក្រុងមូស្គូ បណ្តាលឲ្យឆាបឆេះរោងចក្រចម្រាញ់ប្រេង Kapotnya ដែលជាទីតាំង ផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងសាំង រហូតដល់ទៅ ៥០% ដល់ទីក្រុងមូស្គូ។

មិនត្រឹមប៉ុណ្ណឹង បំណែកកម្ទេចកម្ទី និងការវាយប្រហារចំៗ ក៏បានបំផ្លាញទីតាំងជាច្រើនផងដែរ រួមមានមជ្ឈមណ្ឌលហាត់ប្រាណមួយនៅក្នុងតំបន់ Lyubertsy, អគារស្នាក់នៅមួយចំនួន ព្រមទាំងផ្សារទំនើប Sadovod និង Mega Belaya Dacha។

លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិធំៗទាំង៤ របស់ទីក្រុងមូស្គូ ដូចជា Sheremetyevo, Domodedovo, Vnukovo និង Zhukovsky ក៏ត្រូវបង្ខំចិត្តបិទប្រតិបត្តិការ និងផ្អាកជើងហោះហើររាប់រយជើងផងដែរ។

ដ្បិត គ្មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ប៉ុន្តែអាជ្ញាធររុស្ស៊ី បញ្ជាក់ថា មនុស្សចំនួន ១៧នាក់បានរងរបួសនៅក្នុងរដ្ឋធានី។

ការវាយប្រហារនេះ ធ្វើឲ្យរុស្ស៊ី ក្តៅស្លឹកត្រចៀកមិនស្ទើរឡើយ ដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov ប្រកាសថា រុស្ស៊ីនឹងធ្វើការវាយប្រហារជាប្រចាំ សងសឹកវិញ លើគោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយផ្ទាល់ដល់សមត្ថភាពប្រយុទ្ធ នៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅក្រៅជំនួបនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន លោក Lavrov និយាយថា៖ «ខ្ញុំជឿជាក់ជាយូរមកហើយថា ត្រឹមតែពាក្យសម្តីគឺមិនគ្រប់គ្រាន់នោះទេ។ វាមិនមែនជាការចៃដន្យឡើយ ដែលលោកប្រធានាធិបតី បានប្រកាសកាលពីពេលថ្មីៗនេះ បន្ទាប់ពីការវាយប្រហារបែបភេរវកម្មមួយទៀត ដោយទីក្រុងកៀវថា ឥឡូវ យើងនឹងបើកការវាយប្រហារជាក្រុមទ្រង់ទ្រាយធំ ជាប្រចាំ ប្រឆាំងនឹងគោលដៅទាំងឡាយណា ដែលប៉ះពាល់ដោយផ្ទាល់ ដល់សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។

សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»៕

អត្ថបទដែលជាប់ទាក់ទង