សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន សម្តែងការពេញចិត្តខ្លាំងចំពោះទំនាក់ទំនងកម្ពុជា-រុស្ស៉ី ,កម្ពុជាស្នើបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងអឺរ៉ាស៊ី
(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគី កម្ពុជា-រុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងនូវការពេញចិត្តខ្លាំង ចំពោះការរីកចម្រើនជាបន្តបន្ទាប់ និងជាលំដាប់នូវទំនាក់ទំនងទ្វេភាគី កម្ពុជា-រុស្ស៉ី ខណៈមេដឹកនាំទាំងពីរថែមទាំងបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្ទុះវិជ្ជមាននេះ និងរក្សាទំនាក់ទំនងទ្វេភាគី កម្ពុជា-រុស្ស៊ី តរៀងទៅមុខទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដែលសម្តេចមហាបវរធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា កិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានសង្កត់ធ្ងន់លើវិស័យសំខាន់ៗចំនួន៣ រួមមាន ទី១. កិច្ចសហប្រតិបត្តិការនយោបាយ និងកាទូត ទី២. ពាណិជ្ជកម្ម កសិកម្ម និងថាមពល និងទី៣. ការតភ្ជាប់ពិសេសរវាងប្រជាជន និងប្រជាជន។
លើសពីនេះ សម្តេចមហាបវរធិបតី បានស្នើរុស្ស៊ីឱ្យពង្រីក និងពង្រឹងការវិនិយោគនៅកម្ពុជា និងពិចារណាទៅលើសំណើររបស់កម្ពុជា ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលមានប្រទេសដូចជា រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន កាស៊ីស្តង់ និងអាមេនី ជាសមាជិក។
ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវ ឱ្យកម្ពុជានិងរុស្ស៊ី បន្តកិច្ចសហប្រតិបត្តិការ នៅលើវិស័យថាមពល កសិកម្ម អប់រំ ទេសចរណ៍ និងសុខាភិបាលផងដែរ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងទៀតថា ក្នុងជំនួបទ្វេភាគី កម្ពុជា-រុស្ស៊ី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានស្តែងឱ្យឃើញនូវសារៈសំខាន់៣យ៉ាងរួមមាន ទី១.គុណភាព នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដែលក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ កម្ពុជា និងរុស្ស៊ី ឈរនៅជាមួយគ្នា ជាពិសេសក្នុងពេលដែលកម្ពុជាឆ្លងកាត់ទុក្ខវេទនាខ្លាំង។ មិត្តភាពដែលមានលក្ខណៈយូរអង្វែងនេះ ស្តែងឡើង តាមរយៈចំនួននិស្សិតខ្មែរជាច្រើនពាន់នាក់ និងជាច្រើនជំនាន់ ដែលបាននិងកំពុងបន្ត ទទួលបានការសិក្សា អប់រំ នៅសូវៀត និងរុស្ស៊ី និងការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី។
ចំណែកសារៈសំខាន់ទី២ គឺការបង្កើតឱកាសមួយថ្មី ដែលធ្វើឱ្យកម្ពុជា-រុស្ស៊ី មានឱកាសសំឡឹងមើលទៅកាន់ទិសដៅរួមគ្នា និងគោលដៅបន្តស្វែងរកផលប្រយោជន៍ជាក់ស្តែងរួមគ្នា សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ប្រជាជនរុស្ស៊ី។ រីឯសារៈសំខាន់ទី៣ គឺសាររបស់កម្ពុជា ដែលប្រកាន់ជំហរត្រូវតែបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី នៅលើពិភពលោកបន្តទៀត ដែលនេះជាគោលនយោបាយការបរទេសឯករាជ្យរបស់កម្ពុជា៕