លោក ត្រាំ អះអាង​ ពី​អំ​ណាច​​​គ្មាន​ដែន​កំណត់ ក្រោយ​កិច្ច​ព្រម​ព្រៀងចុះ​ហត្ថលេខា​រួច ​

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​​ថា ​លទ្ធ​ភាព​​របស់​​​លោក​​​ គ្មានដែន​កំណត់​នោះ​ទេ​​​ក្នុង​ការប្រើ​ប្រាស់​អំណាច​​ បន្ទាប់​ពី​​ការ​ចុះ​កិច្ច​ព្រមព្រៀង​​អាមេរិក-អ៊ីរ៉ង់​ ដើម្បី​​បញ្ចប់សង្គ្រាម​បណ្តោះអាសន្ន​ និង​បើក​ផ្លូវចរចា​ ដោយ​អះអាងថា សហរដ្ឋអាមេ​រិក​មានយោធា​ដ៏ខ្លាំង​​បំផុត​នៅ​លើពិភពលោក។

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ Axios ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែមិថុនា លោក ត្រាំ ត្រូវ​បាន​​អ្នក​សារព័ត៌មាន​សួរថា៖ « តើលោក​បាន​រៀនអ្វីខ្លះ​អំពី​ការអនុវត្ត និងដែនកំណត់​នៃអំណាច​ជា​ប្រធានាធិបតី ដែល​ចេញ​ជាលទ្ធផល​នៃជម្លោះនេះ​»?

ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក លោក ដូណាល់​ ត្រាំ 

លោកឆ្លើយ​តប​ថា៖ « គ្មានដែនកំណត់​ទេ។ ខ្ញុំមិន​ទាន់បាន​រៀន​មេរៀន​នោះ​នៅឡើយទេ។ ខ្ញុំ​ដឹងថាមាន ប៉ុន្តែគ្មានដែនកំណត់​។ យើងបាន​កម្ចាត់ពួកគេ[​អ៊ីរ៉ង់​] ទាំងស្រុងដោយយោធា»។

លោក ត្រាំ​ បន្ថែម​ថា៖ «​ យើង​មានយោធាដ៏​មានឥទ្ធិពលបំផុត​នៅ​លើ​ពិភពលោក។ តើអ្នកណា​ទៀតអាចធ្វើការ​បិទផ្លូវបែប​នេះ​[ច្រក​ហ័រ​មូស] ​បាន? ខ្ញុំបាន​ធ្វើការបិទផ្លូវកង​ទ័ពជើង​ទឹក ដែល​គ្មានកប៉ាល់​ណា​មួយអាច​ឆ្លងកាត់បាន។ ខ្លះ​បានព្យាយាម។ អ្នក​ដឹង​ទេ! ពួកគេធ្វើ​​​មិន​បាន​ទេ[…]។

ពេលអ្នក​សារព័ត៌មាន​​សួរ​​ថា៖ « ​តើអនុស្សរណៈនៃការយោគយល់គ្នា​ដែល​បាន​ចុះ​ហត្ថ​លេខា​ ក្នុង​សប្តាហ៍នេះ​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មាន​ចំនួន​ស្មើនឹងការចុះ​ចាញ់ដោយគ្មានលក្ខខណ្ឌ ដែល​លោក​ចង់​បាន​ដំបូង​ពី​ទី​ក្រុងតេហេរ៉ង់​ឬអត់​​»?

លោក ត្រាំ ឆ្លើយតបថា៖ « មែនហើយ​! វាពិតជាប្រហែល​ជា​ការ​ចុះ​ចាញ់​ ដោយគ្មានលក្ខខណ្ឌ​»។​

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​លោក ដូណាល់ ត្រាំ និង​ភាគី​អ៊ីរ៉ង់​ ចាប់​ផ្តើម​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​លើ​បទ​ឈប់​បាញ់​​​​ មាន​​អន្តរ​ជាតិ​ និង​សម្ព័ន្ធ​មិត្ត​ជា​ច្រើន​បាន​ស្វា​គមន៍​យ៉ាង​ពេញ​លេញ​ ព្រោះ​ការ​បើក​ច្រក​ហ័រ​មូស​នឹង​ជួយ​សេដ្ឋ​កិច្ច​ពិភពលោករស់​​ឡើង​វិញ​៕

អត្ថបទដែលជាប់ទាក់ទង