បង្ក្រាបទីតាំងផលិតបារីក្លែងក្លាយខ្នាតធំ ២ កន្លែង នៅក្រុងតាខ្មៅ ឃាត់ខ្លួនមនុស្ស ៥ នាក់

កម្លាំងសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិតបារីក្លែងក្លាយចំនួន ២ កន្លែង ឃាត់ខ្លួនមនុស្ស ៥ នាក់ កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រតិបត្តិការនេះក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ព្រមទាំងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។

ប្រតិបត្តិការដ៏ធំនេះធ្វើឡើងដោយមានការចូលរួមពីកម្លាំងនាយកដ្ឋានអន្តរាគមន៍ , នាយកដ្ឋានការពារ និង កម្លាំងនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង។

លទ្ធផល នៃការបង្ក្រាប រួមមាន ៖ ទីតាំងទី១.នៅសង្កាត់ស្វាយរលំ រកឃើញ និង ដកហូតបារីក្លែងបន្លំម៉ាកល្បីៗ ជាច្រើនប្រភេទ និង ទីតាំងទី២.សង្កាត់សិតត្បូ រកឃើញបារីក្លែងក្លាយម៉ាកល្បីៗ ជាច្រើនដូចជា Marlboro , Winston , Gold Mount , JPS Classic , Tobacco Gauses , Canyon និង ម៉ាកផ្សេងៗ ជាច្រើនទៀត។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥ នាក់ រួមមានមេការ និង កម្មករ ដើម្បីនាំយកទៅសាកសួរចម្លើយ។ ចំណែកវត្ថុតាងខុសច្បាប់ទាំងអស់ ត្រូវបានសមត្ថកិច្ចដកហូត និង បិទស្តង់ដារ (បិទសៀល) ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងសមត្ថកិច្ចក្រោមឱវាទអគ្គស្នងការនគរបាលជាតិ នឹងបន្តធ្វើការស្រាវជ្រាវ និង បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដោយគ្មានការលើកលែង ដើម្បីការពារសុខសុវត្ថិភាព និង សុខភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង