អាមេរិក-អ៊ីរ៉ង់ ព្រមផ្អាកប្រយុទ្ធ ហើយត្រៀមវិលចូលតុចរចាជាថ្មី ក្រោយបាញ់សងសឹកគ្នា យ៉ាងក្តៅគគុក
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឯកភាពផ្អាកប្រយុទ្ធគ្នាម្តងទៀត ហើយវិលមកកាន់តុចរចាវិញ ក្រោយការប៉ះទង្គិចគ្នាផ្នែកយោធាយ៉ាងក្តៅគគុក ដែលភាគីទាំងពីរ ចោទដាក់គ្នាថា «រំលោភកិច្ចព្រមព្រៀងសន្តិភាព»។

យោងតាមការផ្សាយរបស់ Reuters ដែលដកស្រង់ប្រភពពី សារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦, ភាគីទាំងពីរ នឹងគ្រោងជួបចរចាគ្នាជាថ្មី នៅថ្ងៃអង្គារខាងមុខ ខណៈប្រភពដដែលបង្ហើបថា ជំនួបនោះ នឹងធ្វើឡើងក្នុងប្រទេស កាតា។
យ៉ាងណា រឿងនេះ មិនទាន់មានការឆ្លើយតប ឬបញ្ជាក់អ្វីឡើយ ពីសេតវិមាន ចំណែកភាគីអ៊ីរ៉ង់ ក៏មិនទាន់ និយាយអ្វីដែរ។
កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ពីរថ្ងៃជាប់គ្នា ដោយអះអាងថា ដើម្បីឆ្លើយតប ចំពោះការដែលទីក្រុងតេហេរ៉ង បាញ់លើកប៉ាល់ពាណិជ្ជកម្មដឹកទំនិញ មួយគ្រឿង នៅក្នុងច្រកសមុទ្រ Hormuz។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍ថា ៖ «កងកម្លាំង CENTCOM បានបើកការវាយប្រហារនៅថ្ងៃនេះ (ថ្ងៃសៅរ៍) ដើម្បីឆ្លើយតបដោយផ្ទាល់ ទៅនឹងការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ប្រឆាំងនឹងការដឹកជញ្ជូនរបស់កប៉ាល់ពាណិជ្ជកម្ម។ យន្តហោះអាមេរិក បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ ប្រព័ន្ធទំនាក់ទំនង ទីតាំងការពារដែនអាកាស កន្លែងផ្ទុកដ្រូន និងសមត្ថភាពដាក់មីន»។
ការផ្ទុះ ត្រូវបានរាយការណ៍នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ជុំវិញភូមិ Tahrui ជិតកំពង់ផែ Sirik ខណៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា កោះ Qeshm ក៏ត្រូវបានវាយប្រហារ ដែរ។

សងសឹកវិញ! កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសពីការវាយប្រហារ កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមទាំងមូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត និងទីស្នាក់ការកណ្តាលនៃកងនាវាចរណ៍ទី៥ របស់សហរដ្ឋអាមេរិក ក្នុងប្រទេសបារ៉ែន។
តាមការបញ្ជាក់ពីអ៊ីរ៉ង់ ប្រតិបត្តិការនេះគឺជាការឆ្លើយតប បន្ទាប់ពីកងកម្លាំងអាមេរិក វាយប្រហារលើទីតាំងឆ្នេរសមុទ្រអ៊ីរ៉ង់ចំនួន ៥កន្លែង កាលពីព្រឹកថ្ងៃអាទិត្យ ក្រោមលេស តបទៅប្រតិបត្តិការរបស់ទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងកប៉ាល់ ដែលរំលោភបំពាននៅច្រក Hormuz។
ទីក្រុងតេហេរ៉ង់ បញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំនាវាចរណ៍ក្នុងច្រក Hormuz គឺស្ថិតក្រោមការសម្របសម្រួលរបស់អ៊ីរ៉ង់ ក្រោមអនុស្សរណៈអ៊ីស្លាម៉ាបាដ ប៉ុណ្ណោះ៕