មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពង្រឹងគុណភាពជញ្ជីងចល័តអ្នកលឿង (តាគោក) ដើម្បីធានាភាពត្រឹមត្រូវ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
(ព្រៃវែង)៖ លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះពិនិត្យការដ្ឋាន និងសកម្មភាពប្រតិបត្តិការផ្ទាល់នៅអនុស្ថានីយ៍ជញ្ជីងចល័តអ្នកលឿង (តាគោក) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ការចុះពិនិត្យនេះធ្វើឡើងដោយសហការជាមួយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងដ៏សំខាន់មួយចំនួន។
គោលបំណងចម្បងនៃការចុះប្រតិបត្តិការផ្ទាល់នេះ គឺដើម្បីពង្រឹងគុណភាពការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងធានាឱ្យបាននូវការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិឱ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ លើសពីនេះ ក៏ដើម្បីស្រាយបំភ្លឺចម្ងល់ដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរអាជីវកម្មដឹកថ្ម ដឹកខ្សាច់ ឆ្លងកាត់ផ្លូវមួយខ្សែនេះ ដែលតែងតែចោទប្រកាន់ថាជញ្ជីងនេះបានធ្វើឱ្យពួកគេខាតបង់។
លោក មុយ សំរេច ប្រធានការិយាល័យត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ នាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត្រ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ឱ្យដឹងថា ជញ្ជីងចល័តអ្នកលឿង ព្រៃវែង (តាគោក) នេះទើបតែនឹងត្រូវបានពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់ពីមជ្ឈមណ្ឌលមាត្រាសាស្ត្រ។
លោកបានបន្ថែមថា ការពិនិត្យនេះត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយថែមទាំងបានបិទសៀលនៅកន្លែងនោះផ្ទាល់តែម្ដង ដើម្បីជៀសវាងមានការក្លែងបន្លំ ឬការដោះដូរលួចបង្វិលណាមួយ ដែលអាចបណ្ដាលឱ្យទម្ងន់មានការខុសប្រក្រតីរវាងជញ្ជីងនៅកន្លែងដឹកថ្ម និងជញ្ជីងរបស់ក្រសួង។ វិធានការនេះគឺដើម្បីជៀសវាងការអាក់អន់ចិត្ត និងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋអាជីវករដែលប្រកបមុខរបរដឹកខ្សាច់ ដឹកថ្ម មកលើអាជ្ញាធរជញ្ជីងថាមានការក្លែងបន្លំ។
សូមបញ្ជាក់ថា បន្ទាប់ពីបងប្អូនអាជីវករដឹកថ្មដឹកខ្សាច់បានចោទប្រកាន់ថាស្ថានីយជញ្ជីងតាគោកធ្វើស៊ីគីឡូដើម្បីផាកពិន័យ ក្រសួងសាធារណការបានចាត់មន្ត្រីពាក់ព័ន្ធចុះឆែកពិនិត្យដោយផ្ទាល់តាមជញ្ជីងដេប៉ូដឹកថ្មមួយចំនួន។ តាមរយៈការពិនិត្យនេះ ទើបរកឃើញថា ក្រុមហ៊ុន ស៊ីអេនើជី (C-Energy) មានបញ្ហាមិនប្រក្រតី ដោយខុសពីជញ្ជីងរបស់ក្រសួងសាធារណការជាងពីរតោន ថែមទាំងខុសពីជញ្ជីងតាមដេប៉ូផ្សេងៗទៀតជាងពីរតោនដូចគ្នា។
ចំពោះបញ្ហានេះ ក្រសួង ក៏ដូចជាមជ្ឈមណ្ឌលមាត្រាសាស្ត្រ បានអំពាវនាវដល់ម្ចាស់អាជីវកម្មដេប៉ូថ្ម ដេប៉ូខ្សាច់ទាំងអស់ដែលមានជញ្ជីង ត្រូវធ្វើលិខិតស្នើសុំដល់ក្រសួង ដើម្បីធ្វើការចុះពិនិត្យ និងផ្ទៀងផ្ទាត់ ហើយកែតម្រូវជញ្ជីងទាំងអស់នេះ ឱ្យស៊ីគ្នាត្រូវគ្នាជាមួយនឹងជញ្ជីងរបស់ក្រសួង ដែលបានដាក់នៅតាមផ្លូវជាតិលេខ១ ក៏ដូចជាផ្លូវជាតិផ្សេងៗទៀត។ ការធ្វើបែបនេះគឺដើម្បីធ្វើយ៉ាងណាកុំឱ្យមានការអាក់អន់ចិត្ត និងមានការរិះគន់មកលើអាជ្ញាធរ ក៏ដូចជាក្រសួងថា ជញ្ជីងរបស់ក្រសួងមានភាពមិនប្រក្រតីចំពោះការថ្លឹងតទៅទៀតនោះឡើយ។ តាមរយៈកិច្ចសហការ និងការអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នឹងជួយធានាបាននូវតម្លាភាព យុត្តិធម៌ និងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិឱ្យបានគង់វង្សយូរអង្វែង៕
