លោក ណេតាន់យ៉ាហ៊ូ សារភាពថា នៅតែមិនទុកចិត្តសម្តីលោក ត្រាំ រឿងអ៊ីរ៉ង់ ទោះជាសម្ព័ន្ធមិត្តដែកថែប

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃទី៧ ខែកក្កដា ថា ទោះបីជាលោក និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានទស្សនៈស្របគ្នាភាគច្រើនលើគោលការណ៍ធំៗ ក្នុងការដោះស្រាយជាមួយទីក្រុងតេហេរ៉ង់ក៏ដោយ ក៏​លោកទាំងពីរនៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើចំណុចស្នូលមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់នេះ។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា វាលឿនពេកក្នុងការសន្និដ្ឋានថា តើនឹងមានអ្វីកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន។

មេដឹកនាំអ៊ីស្រាអែល បានប្រាប់ CNN ថា «លោកប្រធានាធិបតីជឿជាក់ថា លោកអាចបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាន» ប៉ុន្តែលោកនាយករដ្ឋមន្ត្រីផ្ទាល់ បានបន្ថែមថា លោកនៅតែមានការសង្ស័យចំពោះរឿងនេះ។ នៅក្នុងនោះ លោកបានបញ្ជាក់ថា «ចំពោះរឿងធំៗ យើងមានទស្សនៈដូចគ្នា ហើយពេលខ្លះក៏មិនដូចគ្នាដែរ ប៉ុន្តែយើងជាសម្ព័ន្ធមិត្តពិតប្រាកដនឹងគ្នា»។

រដ្ឋបាលត្រាំ បានបោះជំហានការទូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន» ជាមួយអ៊ីរ៉ង់ ក្រោយការផ្ទុះអាវុធដាក់គ្នាយ៉ាងខ្លាំងក្លាកាលពីប៉ុន្មានខែមុន។ លោក ត្រាំ ជឿជាក់ថា យុទ្ធសាស្ត្រការទូត និងការដាក់សម្ពាធរបស់លោក អាចបង្ខំឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរបាន។ យ៉ាងណា លោក ណេតាន់យ៉ាហ៊ូ រួមទាំងមន្ត្រីសន្តិសុខអ៊ីស្រាអែល តែងតែមានជំហរតឹងរឹងបំផុត ដោយពួកគេមិនដែលជឿជាក់លើពាក្យសន្យារបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ឡើយ។

មិនតែប៉ុណ្ណោះ អ៊ីស្រាអែលបារម្ភថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលអាមេរិកធ្វើឡើង គឺគ្រាន់តែជាការទិញពេលវេលាផ្អាកសង្គ្រាមរបស់អ៊ីរ៉ង់ ដើម្បីឲ្យពួកគេមានឱកាសលួចលាក់អភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរជាសម្ងាត់បន្តទៀត និងដើម្បីដោះខ្លួនចេញពីទណ្ឌកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបលោក ណេតាន់យ៉ាហ៊ូ ចេញមុខមកប្រាប់ CNN ថា លោកនៅតែមានការសង្ស័យខ្លាំងលើផែនការរបស់លោក ត្រាំ ដដែល៕

អត្ថបទដែលជាប់ទាក់ទង