កម្ពុជាត្រៀម​ដាក់ឱ្យអនុវត្ត​ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ដែលគ្រោងចំណាយថវិកាជាង ១២០០លានដុល្លារ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន

(ភ្នំពេញ)៖ ឆ្លើយតបនឹងវិបត្តិដែលកើតឡើងផ្ទួនៗ រាជរដ្ឋាភិបាលកម្ពុជា ​បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ។ នេះយោងតាម លទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល បានដឹកនាំកិច្ចប្រជុំនេះ បានឱ្យដឹងថា «កម្មវិធីអន្តរាគមន៍» នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។

ការអនុវត្តកម្មវិធីអន្តរាគមន៍នេះ ដោយប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា៣ កញ្ចប់អន្តរាគមន៍​ រួមបញ្ចូល វិធានការដែលមាន កម្មវិបាកភ្លាមៗ និង វិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម​ ។ កញ្ចប់វិធានការទី១ ផ្តោត​លើការ-រក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និង កញ្ចប់អន្តរាគមន៍ទី ៣ ផ្តោតលើការ-គ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ។

ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ។

បន្ថែមលើនេះ​ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ទៅ វែង, រាជរដ្ឋាភិបាល បានព្យាយាមខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការដាក់ចេញឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា ឆ្នាំ ២០២៥-២០២៨» ដែលជាចលនការស្នូល ក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធ​ សំដៅការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្តទប់ទល់នឹងពហុវិបត្តិពីខាងក្រៅបាន។

ជាមួយគ្នានេះ​ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់បន្ថែមអំពីការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការរក្សាស្ថិរភាពថ្លៃអគ្គិសនី, ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនី, ការពង្រឹងសន្តិសុខថាមពល, និងជាពិសេសការអភិវឌ្ឍថាមពលបៃតងផងដែរ។

ចំណែក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបញ្ជាក់អំពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិ-បាលកន្លងមកក្នុងការស្វែងរកការងារ និងបណ្តុះបណ្តាលជំនាញ ព្រមទាំងការពង្រឹងគុណភាពនៃការគ្រប់គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ និងចំណាកស្រុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង