អ៊ីរ៉ង់ តដៃវិញ ដោយវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅ បារ៉ែន និងកូវ៉ែត
សភាពការណ៍នៅមជ្ឈិមបូព៌ា ស្រាប់តែក្តៅដូចបាយពុះភ្លាមៗ បន្ទាប់ពីអាមេរិក ប្រកាសវាយប្រហារអ៊ីរ៉ង់ សងសឹកចំពោះការដែលទីក្រុងតេហេរ៉ង់ បាញ់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿង ក្នុងច្រកសមុទ្រ Hormuz ហើយឥឡូវ អ៊ីរ៉ង់ តដៃវិញហើយ ដោយកំណត់គោលដៅ លើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន និងកូវ៉ែត។

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ កងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសថា ទាំងមីស៊ីលនិងដ្រូន បានហោះសំដៅទៅប្រទេសទាំងពីរនេះ ខណៈកងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានកំណត់គោលដៅលើទីតាំងយោធាអាមេរិកសំខាន់ ចំនួន ៨៥ទីតាំង នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។
នៅបារ៉ែន! មូលដ្ឋានកងទ័ពជើងទឹកលេខ៥ របស់សហរដ្ឋអាមេរិក នៅឯកំពង់ផែ Salman និងមូលដ្ឋានទ័ពអាកាស Sheikh Isa ត្រូវរងការវាយប្រហារ ខណៈនៅកូវ៉ែត មូលដ្ឋានទ័ពអាកាស Ali Al Salem ដែលជាកន្លែងផ្ទុកទាំងកងកម្លាំងកងទ័ពជើងគោក និងកងទ័ពអាកាសអាមេរិក ក៏រងការវាយប្រហារ ដូចគ្នា។

ស្របពេលជាមួយគ្នានោះ IRGC ក៏អះអាងដែរថា ខ្លួនថែមទាំងបានបាញ់ទម្លាក់ដ្រូនអាមេរិក ប្រភេទ MQ-9 Reaper មួយគ្រឿង ដែលព្យាយាមចូលមកជ្រៀតជ្រែក ក្នុងប្រតិបត្តិការនេះ ទៀតផង។
នេះជាការឆ្លើយតបទៅអាមេរិក ដែលបានបើកការវាយប្រហារ «មួយទំហឹង» ជាថ្មី ទៅលើគោលដៅនានា នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

ក្នុងការវាយប្រហារនោះ អាមេរិក ចាយពេលអស់ជាច្រើនម៉ោង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាស, ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ, ទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស, ទីតាំងមីស៊ីលគ្រូសប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះដ្រូន។
ការផ្ទុះជាច្រើនកន្លែង ត្រូវបានគេឮនៅទូទាំងតំបន់ឆ្នេរសមុទ្រយុទ្ធសាស្ត្រ រួមមានទីក្រុងកំពង់ផែភាគខាងត្បូង Sirik, កោះ Qeshm និងមូលដ្ឋានកងទ័ពជើងទឹកដ៏ធំ គឺ Bandar Abbas។

តាមការផ្សាយរបស់ Sky News, បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បញ្ជាក់ថា កងទ័ពរបស់ខ្លួន បានធ្វើសកម្មភាពនេះ ដើម្បីឆ្លើយតបទៅ នឹងការដែលអ៊ីរ៉ង់ វាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មចំនួន ៣គ្រឿងនៅក្នុងច្រកសមុទ្រ Hormuz។
កប៉ាល់ទាំង៣នោះ មានដូចជា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវដ៏ធំ របស់ប្រទេសកាតា ឈ្មោះ Al Rekayyat ដែលត្រូវបានដ្រូនបាញ់ប្រហារ បណ្តាលឲ្យឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីន។ កប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស ដោតទង់ជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Wedyan ដែលរងការខូចខាតរចនាសម្ព័ន្ធ នៅឆ្នេរសមុទ្រប្រទេសអូម៉ង់ និងកប៉ាល់ដឹកប្រេងពាណិជ្ជកម្មមួយគ្រឿងទៀត ដែលរងការវាយប្រហារ ខណៈធ្វើដំណើរចាកចេញពីច្រកសមុទ្រ ប៉ុន្តែព្យាយាមបន្តដំណើរ ទៅកាន់គោលដៅរបស់ខ្លួនដោយជោគជ័យ៕
