កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខួប ៧០ឆ្នាំ នៃចំណងការទូតរបស់ប្រទេសទាំងពីរ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ។
នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក សនសៃ វ៉ាន់ណាសៃ ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជា និងឡាវ បានរក្សាចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អប្រកបដោយការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសបន្ទាប់ពីការអនុម័តផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ២០២៣-២០២៧ ហើយខួបលើកទី៧០នេះជាឱកាសបង្កើនសន្ទុះថ្មី ដល់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរផងដែរ។
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី TVET ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល និងអ្នកជំនាញ និងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថាន នៃប្រទេសទាំងពីរ ដោយការបង្កើតអនុស្សរណៈនៃការយោគយល់រួមគ្នា។
លោកជឿជាក់យ៉ាងមុតមាំថា អាណត្តិការទូតរបស់លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ លោកបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន រួចជាស្រេច ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ជាការឆ្លើយតប លោក សនសៃ វ៉ាន់ណាសៃ បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាពចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសជិតខាងមានប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏ផូរផង់សម្បូរបែប ហើយបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ក្នុងកិច្ចពិភាក្សាប្រកបដោយការ ស្ថាបនា និងភាពស្និទ្ធស្នាល ក៏ដូចជាបានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យ៉ាងសកម្ម។ លោកបានលើកឡើងថា ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះ នឹងមានការរៀបចំកម្មវិធី អបអរសាទរទាំងនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទន៍។
ជាមួយនឹងការកត់សម្គាល់ពីកំណើនកម្មករនិយោជិតនៅកម្ពុជាជារៀងរាល់ឆ្នាំ លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ លោកក៏បានសម្តែងការពេញចិត្តចំពោះ ភាពរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានបញ្ជាក់ពីសារៈសំខាន់ និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះសម្រាប់ផលប្រយោជន៍កម្ពុជា-ឡាវ៕

