ត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាម ដំឡើងពន្ធបន្ថែម លើទំនិញនាំចូលពីកាណាដា បន្ទាប់ពីផ្សែងអ័ព្ទពុល ដែលភាយចេញពីភ្លើងឆេះព្រៃនៅប្រទេសនេះ បានបក់បោកចូលមកគ្របដណ្តប់ លើទីក្រុងនានា របស់សហរដ្ឋអាមេរិក។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បានរិះគន់រដ្ឋាភិបាលទីក្រុងអូតាវ៉ា យ៉ាងធ្ងន់ៗ ដោយចោទថា កាណាដា មិនព្រមធ្វើការបោសសម្អាតកម្ទេចកម្ទី និងគ្រប់គ្រងព្រៃឈើឲ្យបានត្រឹមត្រូវទេ នាំឲ្យកើតមានភ្លើងឆេះព្រៃរាលដាលខ្លាំងជាហូរហែ។
មិនត្រឹមប៉ុណ្ណឹង លោកត្រាំប្រកាសថា សហរដ្ឋអាមេរិក កំពុងត្រូវបានឈ្លានពានដោយអយុត្តិធម៌ ពីសំណាក់ខ្យល់កខ្វក់ មិនស្អាត និងមិនមានសុខភាពល្អ ដែលជារឿងមិនអាចទទួលយកបាន។ ការបំពុលបរិយាកាសនេះ បណ្តាលឲ្យអាមេរិក ខាតបង់ថវិការាប់ពាន់លានដុល្លារ ដូច្នេះការខូចខាតទាំងនេះ ត្រូវតែបូកបញ្ចូលទៅក្នុងពន្ធគយ ដែលកាណាដាកំពុងបង់ នាពេលបច្ចុប្បន្ន។

សូមជម្រាបថា បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មជិត ៩០០កន្លែង នៅទូទាំងប្រទេសកាណាដា ដែលភាគច្រើន កំពុងឆេះរាលដាលគ្រប់គ្រងមិនទាន់បាន ខណៈផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក បានគ្របដណ្តប់ និងធ្វើឲ្យគុណភាពខ្យល់ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ នៅក្នុងទីក្រុងធំៗរបស់អាមេរិក ដូចជា Detroit, Chicago, និង New York។
អ្វីដែលកាន់តែបញ្ហា គឺថា ខ្យល់កខ្វក់នេះ ក៏ធ្វើឲ្យប៉ះពាល់ និងបង្កើតជាក្តីបារម្ភ ដល់ការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងពហុកីឡដ្ឋាន New Jersey ផងដែរ៕
