ចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
ប្រទេសចិន បានចេញមុខច្រានចោលទាំងស្រុងនូវការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា ទីក្រុងប៉េកាំងនៅពីក្រោយ «ការលួចទិន្នន័យបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ» កាលពីឆ្នាំ២០២០។

យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ កើតឡើងនៅចំពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ៗថា ប្រទេសចិន បានលួចចូលប្រព័ន្ធទិន្នន័យអ្នកបោះឆ្នោតអាមេរិក ដោយប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋរហូតដល់ ២២០លាននាក់ ហើយលោកថែមទាំងចោទថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្ទាល់របស់អាមេរិក បានព្យាយាមលាក់បាំងភស្តុតាងទាំងនេះទៀតផង។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់អំពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតឆ្នាំ២០២០នៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតប ដោយហៅការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ ថាជា «រឿងដែលប្រឌិតឡើងទាំងស្រុង» ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិន គ្មានចំណាប់អារម្មណ៍ ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃការបោះឆ្នោតរបស់អាមេរិកទេ។ ក្រុងប៉េកាំង ក៏បានព្រមានឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការយកបញ្ហាចិន ទៅប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន។
ថ្វីដ្បិតមានភាពតានតឹងបែបនេះក្តី អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានប្រាប់ទៅកាន់សារព័ត៌មាន NBC News ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅតែដំណើរការតាមការគ្រោងទុកដដែល។ លោក ស៊ី គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំចិន ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។
កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងពិភាក្សាលើបញ្ហាជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ យ៉ាងណាមិញ អ្នកវិភាគមួយចំនួនយល់ថា ការដែលលោក ត្រាំ លើកយកបញ្ហាបោះឆ្នោតចាស់មកនិយាយឡើងវិញនៅពេលនេះ គឺជាយុទ្ធសាស្ត្រមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងមកដល់ក្នុងពេលឆាប់ៗ។ ចំណែកខាងគណបក្សប្រជាធិបតេយ្យវិញ បានចោទប្រកាន់លោក ត្រាំ ថា កំពុងព្យាយាមបង្កើតលេសទុកជាមុន ដើម្បីបង្កើនការសង្ស័យលើលទ្ធផលបោះឆ្នោត ដែលលោកមិនពេញចិត្ត៕
