កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ កម្ពុជា និងកាហ្សាក់ស្ថាន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាង​គ្នាឱ្យកាន់តែរីកចម្រើនថែមទៀត។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួប​ពិភាក្សាការងារជាមួយលោក Kassym-Jomart K. Tokayev ប្រធានា​ធិបតី​កាហ្សាក់ស្ថាន។

ក្នុងជំនួបនោះ លោកប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងក្តីរីករាយ​ដែល​បានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ព្រមទាំងបង្ហាញ​ចំណាប់​អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍​ដ៏សម្បូរ​បែប។ លោកប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រម​ទាំងបានអញ្ជើញសម្ដេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេស​កា​ហ្សាក់ស្ថាន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ​២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការ​ទូតកម្ពុជា-​កា​ហ្សាក់​ស្ថាន។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការ​ស្វាគមន៍​ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើត​យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏​ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់​លិខិត​ឆ្លង​ដែន​ការទូត និងផ្លូវការ។ ឯកសារទាំងនេះ ជាកាតាលីករដ៏សំខាន់ក្នុងការ​សម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវ​ការ​នៃ​ប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីក​ចម្រើន​ថែមទៀត។

សម្ដេចមហាបវរធិបតី និងលោកប្រធានាធិបតី បានបន្តពិភាក្សាគ្នាអំពីគំនិត​ផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខ​ថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ថ្នាក់ដឹក​នាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕

អត្ថបទដែលជាប់ទាក់ទង