អ៊ីរ៉ង់​ប្រកាស​ផ្អាក MoU ជាមួយអាមេរិក ក្រោយ​មនុស្ស ៥០ស្លាប់​ និង​ជាង ​៥០០ រង​របួសក្នុងការវាយប្រហារ

ភា​ព​តាន​តឹង​រវាង​អាមេរិក​-អ៊ីរ៉ង់​បាន​បន្ត​ឡើងវិញ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ ក្រោយ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ការ​វាយ​ប្រាហារ​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​រយៈ​ពេល​៨ថ្ងៃ​ជាប់ៗ​គ្នា​ ព្រម​ទាំង​សង​សឹក​ប្រទេស​ក្នុង​មជ្ឈិម​បូ​ព៌ា​ទៀត​ផង​។ កាល​ពី​ម្សិល​មិញ អ៊ីរ៉ង់​លើក​ឡើង​ថា​ មនុស្ស​យ៉ាងហោចណាស់​ ៥០នាក់​ ត្រូវបាន​សម្លាប់ និងជាង ៥០០នាក់​ រងរបួសនៅ​ក្នុងការវាយប្រហារដោយ​សហរដ្ឋអាមេរិក​ក្នុងខែនេះ ខណៈអ្នក​កាទូត​អ៊ីរ៉ង់​ម្នាក់ថា អនុ​ស្សរណៈនៃការយោគយល់គ្នា(MoU) រវាងប្រទេសទាំងពីរ​ត្រូវបានផ្អាក ដោយ​សារតែការរំលោភ​បំពានរបស់​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Al Jazeera នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៦ ។

អនុរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi ​​

កាល​ពី​​ថ្ងៃសៅរ៍ ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បានរាយការណ៍​ពីចំនួនអ្នក​ស្លាប់ និងរបួសដោយសារការវាយប្រហារចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ​ប៉ុន្មានម៉ោង​ បន្ទាប់ពីបញ្ជាការកណ្តាល​យោធាអាមេរិក(CENTCOM) បាន​បើកការវាយប្រហារ​ជាបន្តបន្ទាប់​លើកទី៧ លើគោលដៅ​នានាទូទាំង​ប្រទេសអ៊ីរ៉ង់។

អ៊ីរ៉ង់និយាយថា ការវាយប្រហារ​នេះបានធ្វើឱ្យមនុស្ស ១០ ០០០នាក់​គ្មាន​ទឹកប្រើប្រាស់​ បន្ទាប់ពីរោងចក្រចម្រាញ់​ទឹកប្រៃមួយ​ត្រូវ​បានវាយ​ប្រហារ។ ទីក្រុងតេហេរ៉ង់បានសង​សឹកដោយការ​បាញ់ដ្រូន​ និងមីស៊ីល​ជាបន្តបន្ទាប់​ទៅលើរដ្ឋ​ឈូងសមុទ្រដែល​មានសម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក។

អនុរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi ​​និយាយ​ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែល​បានចុះហត្ថលេខា​កាលពីខែមុនថា សហរដ្ឋអាមេរិកបាន​រំលោភ និងផ្អាកការប្តេជ្ញាចិត្ត​ទាំងអស់របស់ខ្លួន​ នៅក្នុងក្របខ័ណ្ឌ MoU នៃ​អ៊ីស្លាម៉ាបាដ​​ ប្រទេស​ប៉ាគីស្ថាន​។

លោក Gharibabadi លើក​ឡើង​ថា​៖ « ជា​លទ្ធផល ទីក្រុងតេហេរ៉ង់ ​ក៏បានផ្អាកការប្តេជ្ញាចិត្តទាំងអស់​ និង​ការអនុវត្តកិច្ចព្រមព្រៀង ហើយ​កំពុងរវល់ការពារ​ប្រទេស»។ នេះបើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មានពាក់​កណ្តាលផ្លូវការ Fars​ ។

អ្នកនាំ​ពាក្យក្រសួងការបរទេសអ៊ីរ៉ង់​ក៏បានរិះគន់សកម្មភាព​របស់​សហរដ្ឋអាមេរិក ដោយនិយាយ​ថា ទីក្រុងវ៉ាស៊ីនតោន​បានរំលោភលើគ្រប់​ទិដ្ឋភាពនៃកិច្ចព្រមព្រៀង​ក្នុងរយៈពេលមួយសប្តាហ៍​ចុងក្រោយ​នេះ៕

អត្ថបទដែលជាប់ទាក់ទង