ករណីកាប់នារីម្នាក់ជាប់កាំបិតនៅឆ្អឹងខ្នង សមត្ថកិច្ចតាមចាប់ជនដៃដល់បានម្នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកស្អាង បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានយកកណ្ដៀវគប់ចំខ្នងនារីរងគ្រោះបណ្ដាលឱ្យរបួសធ្ងន់ ដោយសារការ «ស្មានច្រឡំ ថាជាក្រុមក្មេងទំនើង ដែលបានជេខ្លួនពេលគន្លងមក » ខណៈបក្ខពួកម្នាក់ទៀតធើ្វសកម្មភាពរួច បានរត់គេចខ្លួន។

យោងតាមការបំភ្លឺពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២:២០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ២នាក់៖ ១. ឈ្មោះ រស់ រិទ្ធី (ប្រុស អាយុ ២០ឆ្នាំ) ជាអ្នកបើកបរម៉ូតូ។ ២. ឈ្មោះ វ៉ាន ចាន់សល់ (ស្រី អាយុ ២១ឆ្នាំ) អ្នកជិះខាងក្រោយ រងរបួសខ្នងធ្ងន់ធ្ងរ។
ដោយមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាត្រឡប់មកពីហូបបង្អែមនៅឃុំត្រើយស្លា លុះមកដល់ចំណុចកើតហេតុ ក៏បានជិះជួបជនសង្ស័យ ២នាក់ ដែលកំពុងជិះម៉ូតូដើរស្វែងរកក្រុមក្មេងដែលធ្លាប់ជេរពួកខ្លួន។ ដោយសារស្មានច្រឡំថាជាក្រុមក្មេងទំនើងទាំងនោះ ជនសង្ស័យឈ្មោះ ថុល កន បានយកកណ្ដៀវគប់សំដៅទៅលើជនរងគ្រោះ បណ្ដាលឱ្យត្រូវចំខ្នងនារីឈ្មោះ វ៉ាន ចាន់សល់ មុតជាប់នៅនឹងខ្នងតែម្ដង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិ និងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យដៃដល់បានម្នាក់ ឈ្មោះ ថុល កន (ប្រុស អាយុ ២៩ឆ្នាំ) មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកបើកបរម៉ូតូ និងជាអ្នកយកកណ្ដៀវគប់)។ តាមការពិនិត្យទឹកនោម បង្ហាញថា ជនរូបនេះមានសារធាតុញៀន (+)។ ចំណែក ជនសង្ស័យគេចខ្លួន៖ ឈ្មោះ វ៉ាន្នី សុឺ (ប្រុស អាយុ ២៦ឆ្នាំ) ជាអ្នកជិះខាងក្រោយ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ថុល កន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកណ្ដៀវគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យត្រូវចំខ្នងពិតប្រាកដមែន ដោយសារតែការយល់ច្រឡំ។

បច្ចុប្បន្ន ជនសង្ស័យ ថុល កន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
