លោក ត្រាំ ធានា​​មិន​ឲ្យ​មានការ​ចាប់ខ្លួន ណេតាន់យ៉ាហ៊ូ ទោះ​បី​រង​ការ​គំរាម​ពី​អភិបាល​ក្រុង​ញ៉ូវ​យ៉ក

ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​បាន​​ធានាអះអាង​នៅ​ថ្ងៃចន្ទ ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នឹង​មិនត្រូវបានចាប់​ខ្លួនទេ ទោះ​បី​​​ជា​រូប​​លោក ​មកទស្សនកិច្ចទី​​ក្រុង​ញូវ​យ៉ក ​ចំពេល​មានការគំរាមចាប់​ខ្លួនដើម្បី​អនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​(ICC) ដោយ​អភិបាលក្រុងដែល​កាន់សាសនាឥស្លាម លោក Zohran Mamdani ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៦ ។

លោក ត្រាំ និង​ លោក ណេតាន់យ៉ាហ៊ូ

លោក ត្រាំ បាន​ទទូចថា លោក ណេតាន់យ៉ាហ៊ូ គឺ​ជាសម្ព័ន្ធមិត្ត​​សំខាន់មួយរូបនៅ​ក្នុងសង្គ្រាមរបស់​សហរដ្ឋ​អាមេរិក​ប្រឆាំងនឹងអ៊ីរ៉ង់ ហើយ ​លោក​មានសេរីភាព​ក្នុងការមកកាន់ទីក្រុង​នេះ ​សម្រាប់​​កិច្ចប្រជុំ​ប្រចាំឆ្នាំរបស់​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា។

លោក ត្រាំ សរសេរ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់​ខ្លួន​​ថា៖ « លោក ណេតាន់យ៉ាហ៊ូ នឹង​មិនត្រូវបានចាប់ខ្លួនឡើយ ទោះក្នុង​ទម្រង់បែបណាក៏ដោយ អំឡុង​ពេល​លោក​នៅសហរដ្ឋអាមេរិក។ មនុស្ស​តែម្នាក់គត់ដែលគួរតែត្រូវបានចាប់ខ្លួន​គឺមនុស្ស​ដែលដឹក​​នាំអ៊ីរ៉ង់​ចូលទៅ​ក្នុង​វង់នៃការស្លាប់ និងការបំផ្លិចបំផ្លាញ​មិនធ្លាប់មានពីមុនមក [សំដៅ​ដល់​ការ​ដឹក​នាំ​របស់​មេដឹក​នាំ​អ៊ីរ៉ង់​]»។

យ៉ាង​ណា លោក Mamdani បាន​លើកឡើងថា លោកនឹង​ពិចារណា​ចាប់ខ្លួន​ លោក ណេតាន់​យ៉ាហ៊ូ​ ដោយសារ​តែតុលាការ(ICC) បាន​ចេញដីកា​ចាប់ខ្លួន​លោក ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែល​កើតចេញពីសង្គ្រាមនៅ​ហ្គាហ្សា។ អភិបាលក្រុង​ញ៉ូវ​យ៉ក​បានហៅសង្គ្រាម​​របស់​អ៊ីស្រាអែល​នៅ​ហ្សាហ្សា​ម្តងហើយម្តងទៀត​ថា​ ជាអំពើ​ប្រល័យពូជសាសន៍ប្រឆាំង​នឹងប្រជាជន​ប៉ាឡេស្ទីន។

ប៉ុន្តែ​កាល​ពី​ថ្ងៃចន្ទ អភិបាលក្រុង​រូប​នេះ​ហាក់ដូចជា​បដិសេធ​ ចំពោះ​ការគំរាម​កំហែងលើ​ លោក ណេតាន់​យ៉ាហ៊ូ​ បន្តិច ដោយគ្រាន់តែនិយាយ​ថា រដ្ឋា​ភិបាលក្រុងញូវ​យ៉កយកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការទទួលខុស​ត្រូវរបស់ខ្លួន​ក្រោមច្បាប់អន្តរជាតិប៉ុណ្ណោះ​៕

អត្ថបទដែលជាប់ទាក់ទង