UN ៖ ជនអន្តោប្រវេសន៍​​ជិត១៥០នាក់​ លង់​ទឹក​ស្លាប់​​ ពេលទូក​អស់​ប្រេង​​កណ្តាល​សមុទ្រ​ ​នៅ​អាហ្វ្រិកខាង​លិច

ទីភ្នាក់​ងារជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​(UN) បានលើក​ឡើង​នៅ​ថ្ងៃអង្គារ​ថា ​មនុស្សជិត ១៥០នាក់បានបាត់បង់​ជីវិត​ និង​បាត់ខ្លួន​ពីទូក​ នៅឯនាយសមុទ្រ Mauritania នៅ​តំបន់​អាហ្វ្រិកខាងលិច កាល​លពីសប្តាហ៍មុន ខណៈពួក​គេ​កំពុង​ព្យាយាមធ្វើដំណើរតាម​ទូក​​​​ចំណាក​ស្រុក​ទៅកាន់អឺរ៉ុប។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ ២០២៦ ។

ទូក​របស់​ជន​អន្តោប្រវេសន៍

ទីភ្នាក់ងារ​ UN លើក​ឡើង​ទៀត​ថា មនុស្ស ១៤៤នាក់​​ស្លាប់ ឬបាត់​ខ្លួន បន្ទាប់ពីឧប្បត្តិហេតុពីរ​​ដាច់​ដោយឡែក​ពីគ្នា​ រវាងថ្ងៃទី១៤ និង ១៨ ខែកក្កដា ហើយ​មនុស្ស ៣៨៧នាក់​ ត្រូវបានជួយសង្គ្រោះ។

ឆ្មាំសមុទ្រ Mauritania  និយាយថា មនុស្ស ១២២នាក់​ បានបាត់ខ្លួននៅ​ឯនាយសមុទ្រ​ក្បែររដ្ឋធានី Nouakchott ។ ទូក​​ដឹកមនុស្ស ១៦០នាក់ ពីប្រទេស Gambia ​ឆ្ពោះទៅកាន់កោះ Canary ​បាន​អស់ប្រេងឥន្ធនៈ ​ហើយជាប់គាំង​ នៅលើសមុទ្ររយៈពេល ២៥ថ្ងៃ​។

នៅ​ក្នុងឧប្បត្តិហេតុដាច់​ដោយឡែកមួយ ឆ្មាំសមុទ្រ បាន​និយាយថា ​ខ្លួនបាន​ជួយសង្គ្រោះមនុស្សចំនួន ១៧៩នាក់ លើទូក​ពីប្រទេស Senegal កាលពីថ្ងៃសៅរ៍។

យ៉ាង​ណា ភាពខុសគ្នានៃចំនួន​មនុស្ស​ ដែល​បាន​ផ្តល់​ឱ្យ​មិនទាន់​ច្បាស់លាស់​ភ្លាមៗនោះទេ។

ដែនទឹករបស់ប្រទេស Mauritania បាន​ក្លាយជាផ្លូវ​សំខាន់មួយ​ សម្រាប់មនុស្សមក​ពីតំបន់សាហារ៉ា​អាហ្វ្រិក ដើម្បី​ស្វែងរកការរស់​នៅ​ឱ្យ​កាន់តែប្រសើរឡើងនៅអឺរ៉ុប ខណៈឱកាសសេដ្ឋកិច្ចនៅ​តែខ្វះខាតក្នុងប្រទេស​ពួក​គេ​។

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិលើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយថា ផ្លូវ​ឆ្ពោះទៅកាន់កោះ Canary ​គឺជាផ្លូវ​ទឹក​មួយ​ក្នុងចំណោមផ្លូវ​ដែល​មាន​មនុស្សស្លាប់ច្រើនបំផុត​របស់ពិភពលោក​ជាមួយនឹងចម្ងាយ​ឆ្ងាយ និងទូកដែល​មិនអាចធ្វើដំណើរតាមសមុទ្រ​បាន ​ហើយ​មានមនុស្ស​ជិះ​ច្រើន​ពេក​៕

អត្ថបទដែលជាប់ទាក់ទង