សមត្ថកិច្ចខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនស្រី្ដ៣នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារ ដើម្បីបោកប្រាស់ស្នើសុំប្រាក់កម្ចី
កម្លាំងនគរបាលអធិការដ្ឋានខណ្ឌកំបូល បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន ៣នាក់ ពាក់ព័ន្ធករណីសហការគ្នាក្លែងបន្លំឯកសារសាធារណៈ ដើម្បីបោកប្រាស់បុគ្គលិកធនាគារក្នុងការស្នើសុំប្រាក់កម្ចី។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមការបញ្ជាដឹកនាំពីថ្នាក់ដឹកនាំរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល។
ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១. ឈ្មោះ គីម ស្រួ ភេទស្រី អាយុ ៥៩ឆ្នាំ (គ្មានសារធាតុញៀន) ២. ឈ្មោះ ចន សុផាត ភេទស្រី អាយុ ៣៤ឆ្នាំ (គ្មានសារធាតុញៀន) ៣. ឈ្មោះ ឡេង ថាវី ភេទស្រី អាយុ ៥៤ឆ្នាំ (គ្មានសារធាតុញៀន) អ្នកទាំង ៣ មានទីលំនៅក្នុងបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះមានឈ្មោះ សុខ សុម៉ាលីយ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ ជាយោធិន រស់នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។



នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងឯកសារក្លែងក្លាយមួយចំនួន រួមមាន៖អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ចំនួន ០២សន្លឹក, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន ០២សន្លឹក, លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ចំនួន ០២សន្លឹក
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសបន្ថែមផងដែរ៕






