អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ទេរពីការប្រើប្រាស់អាវុធមកប្រើប្រាស់ជំពាមកៅស៊ូដោយប្រើគ្រាប់ឃ្លីនិងកូនដុំដែក ហើយសង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពបញ្ឈប់ទង្វើបែបនេះ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះឃើញថាសូរកាំភ្លើងបានស្ងប់ស្ងាត់។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់នៅតាមបណ្តាញសង្គមរបស់សម្តេចថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីការប្រើប្រាស់អាវុធមកប្រើប្រាស់ជំពាមកៅស៊ូដោយប្រើគ្រាប់ឃ្លីនិងកូនដុំដែក។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ក៏បានអាននូវសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា «តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹងនិងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូទៅជាការប្រើអាវុធគ្រប់ប្រភេទដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។
សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ»។

ឯកឧត្តម ប៉ែន បូណា ក៏បានបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះផ្សាយខ្លឹមសារខាងលើនេះ ដែលអមដោយរូបភាពបាញ់ជំពាមកៅស៊ូដែលបង្ហាញដោយកងទ័ពថៃ៕

អត្ថបទដែលជាប់ទាក់ទង