​អគ្គិភ័យឆាបឆេះ​ផ្ទះ​ជួសជុល​កង់​បី​នៅ​ផ្សារ​ដើម​ថ្កូវ បុរស​ម្នាក់​របួស និង​យាយ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ

រាជធានី​ភ្នំពេញ ៖ ឆេះ​ផ្ទះ​ជួសជុល​កង់​បី​ឥណ្ឌា និង​កង់​អា​គុយ អស់​មួយ​កំណាត់​ខាង​មុខ​ផ្ទះ ស្ទើរ​ទាំងស្រុង ខណៈ​អគ្គិភ័យ​នេះ​បង្ក​អោយ​លោកយាយ​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ ជាប់​គាំង​នៅ​បន្ទប់ និង​បុរស​ម្នាក់​រង​របួស ឈ្មោះ ហឿ​ង វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ Pas App និង​កង់​អា​គុយ​។ មូលហេតុ​ដោយសារ​ជួសជុល​អា​គុយ បង្កើត​ជា​អណ្តាតភ្លើង​ឆេះ​អស់​ម៉ូតូ​០៣​គ្រឿង កង់​បី​ឥណ្ឌា​០១​គ្រឿង និង​ម៉ូតូ​អា​គុយ​០១​គ្រឿង ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជួសជុល និង​ប្តូរ​ប្រេង​កង់​បី មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា គេ​បានឮ​សំឡេង​ផ្ទុះ​២​ដង ចេញពីផ្ទះ​កើតហេតុ ស្រប​ពេល​នោះ ក៏​មាន​ពលរដ្ឋ​បាន​ស្រែក​«​មាន​ភ្លើង​ឆេះ​ៗ» បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​។ ខណៈនោះ អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​បង្ក​ការ​រាលដាល​ដល់​ម៉ូតូ​០៣​គ្រឿង​, កង់​បី​ឥណ្ឌា​០១​គ្រឿង និង​ម៉ូតូ​អា​គុយ ០១​គ្រឿង ឆេះ​អស់ទាំង​ស្រុង​។ ស្រប​ពេល​នោះ ក៏​មាន​ក្មេង​ប្រុស​ម្នាក់ បាន​ប្រាប់​ថា យាយ​(​អង្គុយ​លើ​រទេះរុញ​)​របស់​ខ្លួន​កំពុង​ជាប់​នៅ​បន្ទប់​ខាងលើ​។ ភ្លាម​ៗ ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច មក​ជួយ​អន្តរាគមន៍ នៅ​ទីតាំង​ខាងលើ ដោយ​សមត្ថកិច្ច​បាន​ប្រញាប់ប្រញាល់ ឡើង​ទៅ​ជួយ​សង្គ្រោះ លោកយាយ​ម្នាក់ ចុះ​មក​ក្រោម​ដោយ​សុវត្ថិភាព មិន​មាន​រង​របួស​នោះ​ឡើយ ។

អគ្គិភ័យ​នេះ​ដែរ បាន​ឆាបឆេះ​ផ្នែក​ខាង​មុខ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ការ​ខូចខាត​កង់​បី​ឥណ្ឌា​០១​គ្រឿង​, ម៉ូតូ​០៣​គ្រឿង និង​ម៉ូតូ​អា​គុយ​០១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​។ ក្នុង​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ចំនួន ១០​គ្រឿង​, រថយន្ត​ជំនួយ​ស្រា​បៀរ​កម្ពុជា ០១​គ្រឿង​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន​០៣​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ស្រាវជ្រាវ រក​ឃើញ បណ្តាល​មក​ពី​ជួសជុល​អា​គុយ បង្ក​ជា​អគ្គិភ័យ ៕

អត្ថបទដែលជាប់ទាក់ទង