អ្នកនាំពាក្យក្រសួងការពារជាតិ បន្តអំពាវនាវឱ្យភាគីថៃ​ដោះលែង​កងទ័ពកម្ពុជា ១៨រូប ដោយគ្មានលក្ខខណ្ឌ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំង​របស់កម្ពុជា​បាននិងកំពុងគោរពយ៉ាង​ម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបាន​នៅម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាព​ទាំង១៣ចំណុច ដែលបានឯកភាពគ្នា​កាលពីថ្ងៃទី៧ ខែសីហានៅក្នុងកិច្ច​ប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅប្រទេសម៉ាឡេស៊ី ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅវេលាថ្ងៃត្រង់ទី១៨ ខែ សីហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ​បានបញ្ជាក់ថា ដោយអនុវត្តនូវកិច្ចព្រមព្រៀងខាងលើ សូមអំពាវនាវ​ដល់ភាគីថៃ ប្រគល់មកឱ្យកម្ពុជាវិញនូវទាហានកម្ពុជាទាំង ១៨រូបឱ្យបានឆាប់ ដោយគ្មានលក្ខខណ្ឌ ខណៈក្រុម​គ្រួសារ​របស់ពួកគេកំពុងរង់ចាំទាំងយប់​ទាំងថ្ងៃ ។អ្នកនាំពាក្យដដែលបន្ថែមថា គិតមកដល់ថ្ងៃទី១៨ ខែសីហា គឺមាន​រយៈពេល២០ថ្ងៃហើយ ដែលកងទ័ពកម្ពុជា ត្រូវបានភាគីថៃ ចាប់ខ្លួនដោយ​ខុសច្បាប់ ខណៈកំពុងអនុវត្តនូវកិច្ច​ព្រម​ព្រៀងបទឈប់បាញ់ ហើយរហូតមក​ដល់ពេលនេះពុំទាន់មានពន្លឺណាមួយបញ្ជាក់ថា ថៃ នឹងធ្វើការដោះលែងមក​កម្ពុជាវិញនោះទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សហគមន៍អន្តរ​ជាតិបាន​អំពាវនាវយ៉ាងទទូចឱ្យ​ថៃដោះលែងពួកគេឱ្យបានឆាប់ ស្របទៅតាម​ច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង