ដំរីឡាក់គី បានស្លាប់ក្នុងអាយុ២៦ឆ្នាំ ដោយសារធ្លាក់ខ្លួនឈឺភ្លាមៗ

ភ្នំពេញ៖ ដំរីឡាក់គី បានស្លាប់ក្នុងអាយុ២៦ឆ្នាំ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហានេះ ដោយសារធ្លាក់ខ្លួនឈឺភ្លាមៗរយៈពេល៣ថ្ងៃ ក្រោយបែកពីហ្មរយៈពេលជាង១ខែ  ។ នេះបើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យរបស់ក្រសួងកសិកម្ម។

លោក ឃឹម ហ្វីណង់  បានរៀបរាប់យ៉ាងដូច្នេះ៖ « ក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការជំងឺផងដែរ»។

ឡាក់គី បានរស់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» រយៈពេល២៦ឆ្នាំ។ ដំរីនេះ បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។

ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើបានថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលធ្លាប់ជាហ្ម និងប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំឡាក់គី ប្រកបដោយវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង