អភិបាលខេត្តកំពតលើកទឹកចិត្តបេក្ខជនប្រឡងឆ្នាំនេះប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបាននិទ្ទេស A ឱ្យច្រើនជាងឆ្នាំមុន

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង(កើត) និងមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង(លិច) ស្ថិតក្នុងក្រុងកំពត ខេត្តកំពត។

មានមតិផ្តាំផ្ញើទៅកាន់ប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឡងដោយប្រើប្រាស់សមត្ថភាពរបស់ខ្លួនឱ្យអស់ ព្រោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលបច្ចុប្បន្ននេះ គឺប្រកានភ្ជាប់នូវគោលការណ៍ “អ្នកចេះ គឺជាប់” ដែលតម្រូវឱ្យបេក្ខជនទាំងអស់ប្រើប្រាស់នូវចំណេះដឹងដែលបានសិក្សានៅសាលាកន្លងមក។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីបញ្ចប់សង្គ្រាម ហើយកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាវិស័យអាទិភាព និងបានអភិវឌ្ឍន៍វិស័យសិក្សាធិការឱ្យមានការជឿនលឿន ក្នុងន័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងសង្គមឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏ការបានជំរុញដល់សិស្សានុសិស្សដែលជាបេក្ខជនទាំងអស់ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងឆ្នាំនេះ ដើម្បីទទួលបានទិន្ទេសល្អៗគ្រប់ៗគ្នា ពិសេសយកឱ្យបាននិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុន ព្រោះអ្នកដែលប្រឡងបាននិទ្ទេស A ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្តល់ជារង្វាន់ និងអាហារូបករណ៍ជាច្រើនសម្រាប់ការសិក្សាបន្ត។ យ៉ាងណាម៉ិញ សម្រាប់ខេត្តកំពត ថ្នាក់ដឹកនាំទាំងអស់ក៏មានការលើកទឹកចិត្ត ក៏ដូចជាផ្តល់នូវរង្វាន់សម្រាប់សិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តផងដែរ។ គួររំលឹកដែរថា កាលពីឆ្នាំសិក្សា២០២៣-២០២៤កន្លងមក ខេត្តកំពតមានសិស្សប្រឡងទទួលបាននិទ្ទេស A ចំនួន ៧៨នាក់ ក្នុងចំណោមសិស្សនិទ្ទេស A ចំនួន ២,២១៦នាក់នៅទូទាំងប្រទេស។

លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានបញ្ជាក់ប្រាប់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ខេត្តកំពតមានមណ្ឌលប្រឡង ១០មណ្ឌល ស្មើ ២១៥បន្ទប់ មានបេក្ខជនសរុប ៥,៣១៧នាក់ ស្រី ២.៩៩៥នាក់ ដែលក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៣មណ្ឌល (វិទ្យាល័យកំពតក្រុង ២មណ្ឌល និងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ ១មណ្ឌល) ស្នើ ៥៥បន្ទប់ មានបេក្ខជនសរុប ១,៣៤៤នាក់ ស្រី៨៥៨នាក់។ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៧មណ្ឌល (មានវិទ្យាល័យព្រះរាជសម្ភារ វិទ្យាល័យឌីប៉ុកសាមគ្កី វិទ្យាល័យត្រសេកកោង អនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យជាស៊ឹមអង្គរជ័យ និងសាលាបឋម អេងមាសតានី) មាន ១៦០បន្ទប់ បេក្ខជនសរុប ៣,៩៧៣នាក់ ស្រី ២,១៣៧នាក់៕

អត្ថបទដែលជាប់ទាក់ទង