ការវាយប្រហារលើទឹកដីកាតា ជាការសម្រេចចិត្តរបស់លោក Netanyahu មិនមែនប្រធានាធិបតីអាមេរិកទេ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា បាននិយាយថាការសម្រេចចិត្តវាយប្រហារនៅក្នុងប្រទេសកាតាធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu មិនមែនជាការសម្រេចចិត្តរបស់មេដឹកនាំអាមេរិកនោះទេ ហើយការវាយប្រហារបែបនេះក៏មិនបម្រើដល់ផលប្រយោជន៍អាមេរិក ឬអ៉ីស្រាអែលនោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសមួយលើទឹកដីកាតា កាលពីថ្ងៃអង្គារ ក្នុងគោលដៅតាមសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស។ ការវាយប្រហារនេះរងការថ្កោលទោសពី បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសផ្សេងទៀតថាជាសកម្មភាពដែលអាចបង្កើនជម្លោះក្នុងតំបន់ដែលកំពុងចលាចលរួចជាស្រេចទៅហើយ។ កាតាវិញបានចាត់ទុកការវាយប្រហាររបស់ អ៉ីស្រាអែលជាទង្វើកំសាក និងថោកទាបបំផុត។

លោក ត្រាំ ត្រូវបានរាយការណ៍ថាបានបញ្ជាឱ្យបេសកជនពិសេសអាមេរិក លោក Steve Witkoff ជូនដំណឹងឱ្យកាតាជាមុនអំពីការវាយប្រហារ តែវាយឺតពេលក្នុងការបញ្ឈប់ការវាយប្រហាររបស់ អ៉ីស្រាអែល។ ប៉ុន្តែកាតាបានច្រានចោលការលើកឡើងបែបនេះដោយនិយាយថាសេចក្ដីរាយការណ៍ដែលថាទីក្រុងដូហាទទួលបានការព្រមាន ឬជូនដំណឹងជាមុនពីការវាយប្រហាររបស់អ៉ីស្រាអែល គឺជារឿងមិនពិត ហើយថាមន្ត្រីអាមេរិកម្នាក់បានហៅទូរស័ព្ទទៅកាន់ថ្នាក់ដឹកនាំកាតា នៅពេលដែលស្នូរផ្ទុះនៃការវាយប្រហារបានកើតឡើងក្នុងទីក្រុងដូហារួចទៅហើយ។

យ៉ាងណាក៏ដោយ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ថា «សកម្មភាពវាយប្រហារឯកតោភាគីក្នុងប្រទេសកាតា ជារដ្ឋអធិបតេយ្យមួយ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកដែលកំពុងប្រឹងប្រែងធ្វើការ និងក្លាហានប្រថុយគ្រោះថ្នាក់ជាមួយពួកយើងដើម្បីស្វែងរកសន្តិភាព គឺមិនជំរុញដល់គោលដៅអាមេរិក ឬអ៉ីស្រាអែលនោះទេ»

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានអះអាងថាសមាជិករបស់ខ្លួន៥នាក់ ក្នុងនោះរួមមានទាំងកូនប្រុសរបស់មេដឹកនាំហាម៉ាស លោក Khalil al-Hayya​ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ អ៉ីស្រាអែលក្នុងទីក្រុងដូហា ប្រទេសកាតា។ ក្រោយការវាយប្រហារនេះដែរ លោក ត្រាំ បានបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងមេដឹកនាំកាតា ដោយធានាចំពោះមេដឹកនាំកាតា ថាការវាយប្រហាររបៀបនេះនឹងមិនកើតឡើងជាថ្មីទេ ហើយថារូបលោកមិនសប្បាយចិត្តទាល់តែសោះចំពោះការវាយប្រហាររបស់អ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង