ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឲ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចាឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ូល
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធទី១៩ខែវិច្ឆិកាឆ្នាំ២០២៥ បានជំរុញឲ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចាឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ូល ដោយនិយាយថា ចំនួនអ្នកស្លាប់ក្នុងចំណោមជនស៊ីវិលកំពុងកើនឡើង និងការវាយប្រហារថ្មីៗនេះទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការសម្រាប់ការទូតជាថ្មី។
យោងតាម Turkish Minute ថ្លែងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅទីក្រុងអង់ការ៉ា លោក Erdogan បានលើកឡើងថា តួកគីមានគោលបំណងធ្វើឲ្យ«ដំណើរការអ៊ីស្តង់ប៊ូល»រស់ឡើងវិញ ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការចរចាបីជុំរវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនចាប់ពីខែឧសភាដល់ខែកក្កដា។
លោក Erdogan បាននិយាយថា «យើងបានគូសបញ្ជាក់ពីតម្រូវការក្នុងការបន្តដំណើរការអ៊ីស្តង់ប៊ូលជាមួយនឹងវិធីសាស្រ្តជាក់ស្តែងដែលមានគោលដៅសម្រាប់លទ្ធផល។ យើងរំពឹងថា ដៃគូទាំងអស់ដែលចង់ឲ្យការបង្ហូរឈាមបញ្ចប់នឹងគាំទ្រដំណើរការនេះ»។
តួកគីបានរក្សាកិច្ចសន្ទនាទាំងជាមួយទីក្រុងមូស្គូ និងទីក្រុងកៀវចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ ហើយបានដាក់ខ្លួនជាអ្នកសម្របសម្រួល។ កិច្ចចរចាកន្លងមកនៅទីក្រុងអ៊ីស្តង់ប៊ូល បានជួយសម្រួលដល់ការដោះដូរអ្នកទោស និងការប្រគល់សាកសពទាហាន ទោះបីជាពួកគេបរាជ័យក្នុងការឈានដល់បទឈប់បាញ់ក៏ដោយ។
លោក Erdogan បានលើកឡើងពីការវាយប្រហារថ្មីៗរបស់រុស្ស៊ីទៅលើទីក្រុងអ៊ុយក្រែន រួមទាំងការវាយប្រហារលើគ្រឿងបរិក្ខារអគ្គិសនី ជាភស្តុតាងដែលថា ការទូតត្រូវតែចាប់ផ្តើមឡើងវិញ។ លោកបានរៀបរាប់ថា «ការវាយប្រហារដែលកំពុងកើនឡើងលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបាត់បង់ជីវិតបានបង្កឲ្យមានការបំផ្លិចបំផ្លាញសម្រាប់ភាគីទាំងពីរ»។
លោកបានបន្ថែមថា តួកគីបើកចំហចំពោះសំណើពីប្រទេសរុស្ស៊ីដែលអាចត្រួសត្រាយផ្លូវសម្រាប់បទឈប់បាញ់ ឬដំណោះស្រាយទូលំទូលាយជាងនេះ ហើយបាននិយាយថា ការចូលរួមរបស់សហរដ្ឋអាមេរិកអាចជួយបង្កើនប្រសិទ្ធភាពរឹតតែខ្លាំង។
ដំណើរទស្សនកិច្ចរបស់លោកហ្សេលេនស្គី បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់នៅភាគខាងលិចអ៊ុយក្រែន ដែលបង្កើនភាពបន្ទាន់ដល់ការជំរុញរបស់លោកសម្រាប់ការចូលរួមអន្តរជាតិជាថ្មី៕
