ស្នងការរាជធានី បានចេញបទបញ្ជាជាថ្មីចុះបង្ក្រាបរាល់មុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញបទបញ្ជាជាថ្មីម្ដងទៀតឲ្យកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការជាមួយអធិការ​ដ្ឋាននគរបាលទាំង១៤ខណ្ឌ ចុះបង្ក្រាបរាល់មុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការដាក់បញ្ជាបន្ទាន់នេះ គឺធ្វើឡើងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីអំពើហិង្សាដែលបង្កឡើងដោយក្រុមក្មេងទំនើងបានកើតឡើងជាថ្មីជាបន្តបន្ទាប់ និងសាហាវព្រៃផ្សៃ ដែលកើតឡើងនៅខេត្តកណ្ដាលនាថ្មីៗជាដើម។

អំពើហិង្សាដ៏សាហាវនេះ ជាសញ្ញាណមួយដែលកម្លាំងសមត្ថកិច្ចចាំបាច់ត្រូវត្រៀមកម្លាំងឲ្យបានខ្លាំងចុះទប់ស្កាត់ និងបង្ក្រាបឲ្យអស់នូវសកម្មភាពប្រមូលផ្តុំនានារបស់ក្រុមក្មេងៗ និងមុខសញ្ញាក្មេងទំនើង ទាំងមុខសញ្ញាដែលមិនទាន់បានធ្វើសកម្មភាព និងមុខសញ្ញាដែលធ្វើសកម្មភាពហើយកំពុងរត់គេចខ្លួន ដើម្បីបង្ការជៀសវៀងក្រុមក្មេងៗយុវជន ឬក្រុមក្មេងទំនើងទាំងនោះ យកអំពើហិង្សាខាងលើជាគំរូ យកទៅប្រព្រឹត្តិសកម្មភាពណាមួយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពលើពលរដ្ឋស្លូតត្រង់ក្នុងសង្គមជាតិ។

ឧត្តមសេនីយ៍ឯកស្នងការ សង្កត់ធ្ងន់ថា លោកប្រកាន់ខ្ជាប់គោលជំហរមិនលើកលែងដាច់ខាតចំពោះក្រុមក្មេងទំនើងទាំងឡាយណាដែលចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ ហើយក៏មិនបណ្តែតបណ្តោយឲ្យសកម្មភាពទាំងនោះកម្រើកឡើងមកវិញបង្កជាភាពភ័យខ្លាចដល់ពលរដ្ឋក្នុងសង្គមនោះឡើយ ពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសជាតិ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏អំពាវនាវឲ្យសាធារណជន ពិសេសយុវជន សូមកុំយកខ្លួនបៀតចូលជាមួយបក្ខពួកក្រុមបងតូចបងធំ និងកុំចូលរួមជាមួយសកម្មភាពទំនើងទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ព្រោះវាពុំមានលទ្ធផលចំណេញអ្វីនោះឡើយ ក្រៅតែពីការទទួលរងនូវការអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់ប៉ុណ្ណោះនៅពេលដែលខ្លួនបានប្រឹព្រឹត្តិបទល្មើសរួច។

លោកស្នងការ ក៏ស្នើឲ្យក្រុមយុវជន បើមិនមានការចាំបាច់នៅពេលយប់នោះទេសូមចូលទៅតាមលំនៅឋានរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំណាមួយតាមទីសាធារណៈ ព្រោះពីពេលនេះទៅកម្លាំងសមត្ថកិច្ចនឹងចុះព័ទ្ធចាប់សួរនាំរាល់មានការប្រមូលផ្តុំទាំងអស់ ពិសេសបើរកឃើញមានពាក់ព័ន្ធនឹងបទល្មើសណាមួយ គឺនឹងចាប់ឃាត់យកទៅអនុវត្តទៅតាមផ្លូវច្បាប់ជាធរមានដោយមិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង