សមត្ថកិច្ចបើកប្រត្តិបត្តការចុះស្រាវជ្រាវទីតាំងកាស៉ីណូ ជីងសួយ នៅក្រុងព្រះសីហនុ ក្រោយសង្ស័យមានការបង្ខាំងមនុស្ស
(ព្រះសីហនុ)៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យទីតាំងកាស៊ីណូជីងសួយ នៅក្រុងព្រះសីហនុដើម្បីស្រាវជ្រាវ និងស្វែងរកជនជាតិអង់គ្លេស ក្រោយសង្ស័យថា ត្រូវបានបង្ខាំង។
បើកប្រត្តិបត្តការនេះធ្វើឡើងក្រោយទទួលបានសំណើពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លេខ NCA-CAM-009-2025-CNP ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ រហូតឈានដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០៖៣០នាទី កម្លាំងសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីដោយ លោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោក វុធ សាវី តំណាងអយ្យការអមសាលាដំបូងខេត្ត ចុះទៅដល់ទីតាំងកាស៊ីណូ ជីងសួយ ដើម្បីចុះស្រាវជ្រាវ និងស្វែងរកជនជាតិអង់គ្លេស ដែលសង្ស័យថាត្រូវបានបង្ខាំង។
ក្រោយទៅដល់ទីតាំងកើតហេតុ កម្លាំងជំនាញបានត្រួតពិនិត្យលើទីតាំងអគារដូចជា៖
*ទី១៖ អគារលេខ២ ជាន់ទី៦ បន្ទប់លេខ៦០១៤ និងជាន់ទី៩ បន្ទប់លេខ៩០១១, ៩០១៤, ៩០១៥, ៩០១៧, ៩០១៩, ៩០២១ និង៩០២៣ ជាបន្ទប់បម្រើការងារ។
*ទី២៖ អគារលេខ៤ ជាន់ទី១៣ បន្ទប់លេខB១៣១០ ជាបន្ទប់បម្រើការងារ។
*ទី៣៖ អគារលេខ៦ ជាន់ទី៥ បន្ទប់លេខ៥១១ ជាបន្ទប់បម្រើការងារ។
*ទី៤៖ អគារលេខ៧ ជាបន្ទប់ស្នាក់នៅរបស់បុគ្គលិកបម្រើការងារ។
*ទី៥៖ អគារលេខ៨ ជាន់ទី៥ (បំរើការងារ) បន្ទប់លេខ៥០១-២-៣, ៥០៥-៦-៧-៨ ជាបន្ទប់បម្រើការងារ។
*ទី៦៖ អគារលេខ៩ ជាន់ទី៤ (ជាបន្ទប់បំរើការងារ) បន្ទប់លេខA-B២ ជាបន្ទប់បម្រើការងារ។
ជាលទ្ធផលរកពុំឃើញជនក្នុងបណ្ដឹងនោះទេ ប៉ុន្តែបានរកឃើញថា សម្ភារៈខាងលើមានពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) រូបភាពដាក់ប្រាក់វិនិយោគ និងជួញដូររូបិយប័ណ្ណ ប្រើប្រាស់បណ្តាញទំនាក៎ទំនង Whatapp, Telegram មានគោលដៅទៅប្រទេសអង់គ្លេស, ចិន, រុស្ស៊ី និងអាមេរិកឡាទិន, ប៉េរូ និងប្រេស៊ីល មិនមានតម្រុយពាក់ព័ន្ធបទល្មើសល្បែងពាណិជ្ជកម្មទេ។
ក្នុងនោះ វត្ថុតាងរួមមាន៖ (កុំព្យូទ័រ All In One, Laptop, ទូរសព្ទ, SIM Phone ច្រើនគ្រើង) (អាមេរិក, អង់គ្លេស, Cellcard, Metphine) ចម្រុះជាច្រើនសន្លឹក, និងទូរ Call Center សរុបច្រើនទូរ។
បុគ្គលិកបរទេស បម្រើការងារមាន ៣៨នាក់ (ស្រី២) ក្នុងនោះ ជនជាតិចិន (តៃវ៉ាន់) ចំនួន១២នាក់, ជនជាតិចិន ចំនួន១០នាក់ (ស្រី២), ជនជាតិបង់ក្លាឌេស ចំនូន៩នាក់, ជនជាតិបាគីស្ថាន ចំនួន៧នាក់។
ក្រោយត្រួតពិនិត្យ តំណាងអយ្យការបានណែនាំឲ្យនគរបាលជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យសរុប ចំនួន៣៨នាក់ (ស្រី២) និងដកហូតវត្ថុតាងពាក់ព័ន្ធខាងលើ ប្រគល់ឱ្យទៅនាយកដ្ឋានចារកម្ម ដើម្បីគ្របគ្រង់បន្តតាមធ្វើនីតិវិធី៕
