សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិ ចិន-វៀតណាម៤នាក់ដាក់ពន្ធនាគារ១ជីវិត បុរសជនជាតិខ្មែរម្នាក់ជាប់ពន្ធនាគារ២០ឆ្នាំ
ចិននិងវៀតណាម ៤នាក់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំណែកជនជាតិខ្មែរម្នាក់ដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពាក់ព័ន្ធករណីល្មើស ផលិតជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាតដែលបានប្រព្រឹត្តកាលពីឆ្នាំ២០២៤។
ជនជាប់ចោទដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារមួយជីវិតមានឈ្មោះ ដូ ធានក្វាង (Do Thien Quang) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម, និងជនជាតិចិន៣នាក់ឈ្មោះ ស៊ាវ ឈីហុង (Xiao Qihong) អាយុ៣៣ឆ្នាំ, ចាង ឈូយី (Zhang Chu Yu) ភេទស្រី អាយុ៣២ ឆ្នាំ និង ថា ចាងវ័យ (Tang Zhang Wei) ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវពិន័យជាប្រាក់ចំនួន ២០០.០០០.០០០៛ (ពីររយលាន) រៀល និង ជនជាតិខ្មែរម្នាក់ឈ្មោះ ហេង រិទ្ធថា អាយុ ៣៨ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ពិន័យប្រាក់ ១០០លានរៀល ពីបទសំគំនិតផលិត ជួញដូរគ្រឿងញៀន និងសម្អាតប្រាក់។
ក្នុងនោះផងដែរ ហាមឃាត់ជនជាប់ចោទ (ជនជាតិចិន និងជនជាតិវៀតណាម) ចំពោះការចូល និងស្នាក់នៅក្នុងដែនដី ព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរចំពោះជនជាប់ចោទដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះ ជនជាប់ចោទផ្សេងទៀត ត្រូវបានហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គួររំលឹកផងដែរថា ក្រុមឧក្រិដ្ឋជន ទាំងនេះត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយរឹបអូសបានគ្រឿងញៀនសុទ្ធទម្ងន់ជាង៥០គីឡូ និងសារធាតុផ្សំជាគ្រឿងញៀនមួយចំនួនធំ សម្ភារៈផលិតគ្រឿងញៀន កាំភ្លើង២ដើម។ ចំពោះជនល្មើសទាំងនេះមានជនជាតិចិន ជនជាតិវៀតណាម និងខ្មែរផងដែរ៕
