ជនបរទេស៤៩នាក់ ដែលត្រូវបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់ទីស្នាក់ការត្រៀមបណ្តេញចេញ

(ព្រះសីហនុ)៖ ជនបរទេសចំនួន ៤៩នាក់ ដែលត្រូវបានបង្ក្រាបពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅកាន់ទីស្នាក់ការត្រៀមបណ្តេញចេញ។

ប្រតិបត្តិការនេះបង្ក្រាបជនបរទេសនេះដោយអនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ កាលនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង បានចុះប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ដែលមានទីតាំងចំណុចអគារស្នាក់នៅ ១កន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៩នាក់ (ស្រី ០១នាក់)។

ជនសង្ស័យចំនួន ៤៩នាក់រួមមាន៖ ជនជាតិឥណ្ឌា ចំនួន ០៣នាក់ (ស្រី ០១នាក់) ជនជាតិនេប៉ាល់ ចំនួន ០៥នាក់ (ប្រុស) ជនជាតិប៉ាគីស្ដាន ចំនួន ២៣នាក់ (ប្រុស) ជនជាតិបង់ក្លាដេស ចំនួន ១៨នាក់ (ប្រុស)។

ក្នុងប្រត្តិបត្តការណ៍នេះដកហូតវត្ថុតាងរួមមានកំព្យូទ័រលើតុចំនួន៧៥គ្រឿង, កំព្យូទ័រយួរដៃ (laptop) ចំនួន៥គ្រឿង នុងទូរសព្ទដៃ ចំនួន៤៣៥គ្រឿង។

រហូតមកដល់ថ្ងៃទី១១ ខេមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យទាំង៤៩នាក់ខាងលើ ទៅកាន់ទីស្នាក់ការត្រៀមបណ្ដេញចេញខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង