ជនបរទេស ៤៥នាក់ ត្រូវបាន​ឃាត់ខ្លួន និងបញ្ជូន​ទៅ​​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុក្រោយរកឃើញជាប់ព័ន្ធនឹងបទល្មើស Online Scams

អាជ្ញាធរ​ខេត្តព្រះសីហនុ បានបន្ត​បើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយ​បាន​ឃាត់ខ្លួនជនបរទេស​សង្ស័យ​ចំនួន ៤៥​នាក់ និង​សម្ភារៈសង្ស័យ​ជាច្រើន​ទៀត បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ ដើម្បី​​សាកសួរ និង​បន្ត​​អនុវត្តនីតិវិធី​តាម​ផ្លូវ​ច្បាប់។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ​ខេត្តព្រះសីហនុ បានចុះ​ត្រួតពិនិត្យទីតាំង​សរុប​ចំនួន​១៧ ហើយ​ទីតាំង​ចំនួន​៣ ត្រូវបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams ដោយបាន​ឃាត់ខ្លួន​មនុស្ស ៤៥នាក់ និងសម្ភារៈសង្ស័យជាច្រើន។

កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន ទីតាំងទី១ នៅចំណុច​ផ្ទះជួល​របស់​ឈ្មោះ យស់ សាវ៉ាត ស្ថិត​ក្នុង​ភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ហើយ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាតិចិន​ចំនួន​៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និង​ទូរសព្ទ​ដៃ ៣៨គ្រឿង ។

ចំណែក​ទីតាំងទី២ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់​ខ្លួនជន​បរទេសសរុប​ ៣៦នាក់ រួមជាមួយសម្ភារៈ​​សង្ស័យ​ជាច្រើន ​រួម​មាន​កុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង រីឯ​ទីតាំងទី៣ នៅផ្ទះ​វីឡាជួល ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៥នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣​គ្រឿង ព្រម​ទាំង​ទូរសព្ទ​ដៃ ៧គ្រឿង។

បច្ចុប្បន្ន​ជនបរទេស​សរុប​ចំនួន​៤៥នាក់នេះ និងវត្ថុតាង​ជា​សម្ភារៈបច្ចេកវិទ្យា​ជាច្រើន​គ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ ដើម្បី​សាកសួរ និង​បន្ត​អនុវត្តនីតិវិធី​តាម​ផ្លូវ​ច្បាប់ ហើយ​គិតត្រឹមថ្ងៃទី២១ ខែមេសានេះ គឺ​ចំនួនទីតាំង ដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើស Online Scams ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំងហើយ។

គួររំឭក​ថា ច្បាប់ស្តីពី​ «ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» បាន​ចូល​ជាធរមាន កាលពីម៉ោង ០០:០១ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាល​ពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះ​មាន​៥​ជំពូក និង​២៤មាត្រា។

ជាមួយច្បាប់នេះ បទ​ល្មើស​ព្រហ្មទណ្ឌថ្មី​ចំនួន៥ ត្រូវបាន​បង្កើតឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាពក្នុងការ​អនុវត្ត គឺ​ទី​១ បទ​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទី​២ បទរៀបចំ ឬដឹកនាំ​មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី​៣ បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្តអំពើឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ទី​៤ បទប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ ឬ​ឯកសារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នានា​របស់​អ្នក​ដទៃ និងទី៥ ការ​បង្កើត​ទម្រង់​ពិសេស​នៃ​បទល្មើសសម្អាតប្រាក់។

ចំពោះ​បទល្មើសទាំងនេះ​បាន​កំណត់​ដាក់​ទោស​ជនល្មើស ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ខ្ពស់ បំផុត​រហូត ដល់​១​ជីវិត និង​ពិន័យជាប្រាក់​ដល់​ទៅ ១ ០០០ លានរៀល ហើយ​ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង