តំណាង​អាមេរិក​និង​អ៊ីរ៉ង់​ ប៉ះសម្តីគ្នា​យ៉ាង​ខ្លាំង​នៅ​សន្និសីទ​នុយក្លេអ៊ែរ ​របស់​អង្គការ​សហប្រជាជាតិ​

នៅឯ​​ក្របខណ្ឌ​​វេទិកា​​អង្គការសហប្រជាជាតិ តំណាង​​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទទី២៧ ខែមេសា បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងការជ្រើសរើសប្រទេសនេះឲ្យធ្វើជាអនុប្រធាន១​ក្នុងចំណោមអនុប្រធាន​ជា​ច្រើន​ផ្សេង​​ទៀត​​ នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

ទីភ្នាក់ងារសារព័ត៌មាន Reuters ​បាន​ផ្សាយ​​ថា សន្និសីទ​​អង្គការ​សហប្រជាជាតិ​លើកទី១១ ដើម្បីត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៧០ បានចាប់ផ្ដើម​នៅ​​ថ្ងៃចន្ទ នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ ក្រុមផ្សេងៗគ្នាបានស្នើឈ្មោះអនុប្រធានសន្និសីទចំនួន ៣៤ រូប ហើយប្រធានសន្និសីទ ដែលជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការ​សហប្រជាជាតិ​ (UN) លោក Do Hung Viet បាន​លើក​ឡើង​ថា ប្រទេសអ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ «ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត»។

យ៉ាងណាមិញ លោក Christopher Yeaw ​ជំនួយ​ការ​លេខាធិការនៃការិយាល័យត្រួតពិនិត្យអាវុធ និងការមិនរីកសាយភាយអាវុធរបស់អាមេរិក បានប្រាប់សន្និសីទនោះថា ការជ្រើសរើសប្រទេសអ៊ីរ៉ង់ គឺជា «ការប្រមាថ» មួយចំពោះសន្ធិសញ្ញា NPT។

លោក បាន​លើក​ឡើង​ថា វាគឺជារឿងដែលមិនអាចប្រកែកបាន ដែលអ៊ីរ៉ង់បានបង្ហាញឲ្យឃើញជាយូរមកហើយ នូវការមើលងាយរបស់ខ្លួន ចំពោះការប្ដេជ្ញាចិត្តមិនរីកសាយភាយអាវុធនៃសន្ធិសញ្ញា NPT ហើយថែមទាំងបានបដិសេធមិនព្រមសហការជាមួយទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយមន្ទិលសង្ស័យនានាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៀតផង។

លោកបានហៅការជ្រើសរើសប្រទេសអ៊ីរ៉ង់​ជា​អនុប្រធាន​​​លើក​នេះ​ថាជា «រឿងដែលហួសពីការខ្មាសអៀន និងជាភាពអាម៉ាស់មួយដល់ភាពជឿជាក់នៃសន្និសីទនេះ»។

ទោះជាយ៉ាងណាក៏ដោយ លោក Reza Najafi ដែលជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេហេរ៉ង់ ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានច្រានចោលសេចក្តីថ្លែងការណ៍របស់អាមេរិក ដោយចាត់ទុកថា វា​ជា​រឿងដែលគ្មានមូលដ្ឋាន និងរៀបចំឡើងក្នុងគោលបំណងនយោបាយ។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំថា «វាជារឿងដែលមិនអាចទទួលយកបានឡើយ ដែលអាមេរិក ក្នុងនាមជារដ្ឋតែមួយគត់ដែលធ្លាប់បានប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងជាប្រទេសដែលបន្តពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បែរជាព្យាយាមតាំងខ្លួនជាអាជ្ញាកណ្ដាលក្នុងការវិនិច្ឆ័យលើការអនុវត្តតាម (កិច្ចព្រមព្រៀង) ទៅវិញ»។

បញ្ហានុយក្លេអ៊ែរ បានក្លាយជាចំណុចស្នូលនៃសង្គ្រាមរយៈពេលពីរខែរវាងអ៊ីរ៉ង់ ជាមួយអាមេរិក និងអ៊ីស្រាអែល ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ជាក់ស្ដែង អ៊ីរ៉ង់បានទាមទាឲ្យទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលទីក្រុងតេហេរ៉ង់អះអាងថា ខ្លួនស្វែងរកសម្រាប់តែគោលបំណងសន្តិវិធីប៉ុណ្ណោះ ប៉ុន្តែបណ្ដាប្រទេសលោកខាងលិចនិយាយ​ថា វាអាចត្រូវបានប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។

មិនតែប៉ុណ្ណោះ អ៊ីរ៉ង់នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសហគមន៍ចារកម្មអាមេរិកបានវាយតម្លៃដាច់ដោយឡែកពីគ្នាថា ទីក្រុងតេហេរ៉ង់ធ្លាប់មានកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរមួយ ដែលខ្លួនបានបិទឈប់ដំណើរការកាលពីឆ្នាំ២០០៣៕

អត្ថបទដែលជាប់ទាក់ទង