ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំនេះ មកត្រឹម ១,៦% ទាបបំផុតក្នុងតំបន់
ក្រសួងហិរញ្ញវត្ថុថៃ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ របស់ប្រទេស មកត្រឹម ១,៦% ដែលជាកម្រិតទាបបំផុតនៅអាស៊ីអាគ្នេយ៍ ដោយលើកឡើងពីផលប៉ះពាល់នៃជម្លោះភូមិសាស្រ្តនយោបាយ រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
លោក Winit Wisetsuwannaphum អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធ (FPO) នៃក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ជម្លោះទាំងនោះបានប៉ះពាល់ដល់ថ្លៃថាមពល ការធ្វើដំណើរ និងភាពប្រែប្រួលនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ដែលបង្ខំឱ្យការិយាល័យកែសម្រួលទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន។
យ៉ាងណាមិញ លោក Winit បាននិយាយថា សេដ្ឋកិច្ចថៃនៅតែមានការគាំទ្រពីម៉ាស៊ីនកំណើនសំខាន់ៗចំនួន ៤ គឺ ការនាំចេញ ការប្រើប្រាស់ឯកជន ការវិនិយោគឯកជន និងការចំណាយសាធារណៈ។
លោក Vinit Visessuvanapoom អគ្គនាយក FPO វិញ បាននិយាយថា ការនាំចេញរំពឹងថានឹងកើនឡើង ៦,២% នៅឆ្នាំនេះ ខ្ពស់ជាងការព្យាករ ១,០% ក្នុងខែមករា។ ដោយឡែក ការប្រើប្រាស់ឯកជនវិញ នឹងកើនឡើង ២,៣% ដោយមានការជំរុញពីប្រាក់ចំណូលទេសចរណ៍ និងវិធានការរបស់រដ្ឋាភិបាលដែលមានគោលបំណងបន្ធូរបន្ថយថ្លៃដើមរស់នៅ។
យ៉ាងណាមិញ វិស័យទេសចរណ៍នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិមកនៅត្រឹម ៣៣,៥ លាននាក់ ពោលគឺតិចជាងការប៉ាន់ស្មានកាលពីលើកមុន ២ លាននាក់។
ជាមួយគ្នានេះ អតិផរណាសរុបនឹងកើនឡើងដល់ ៣% នៅឆ្នាំនេះ ធៀបនឹងការព្យាករលើកមុនត្រឹម ០,៣%។ គោលដៅអតិផរណារបស់ធនាគារកណ្ដាលមានចន្លោះពី ១-៣%។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃបានកើនឡើង ២,៤% កាលពីឆ្នាំ ២០២៥ ដោយទាបជាងប្រទេសណាៗទាំងអស់ក្នុងតំបន់កាលពីឆ្នាំមុន ហើយការធ្លាក់ចុះមកនៅត្រឹម ១,៦% មានន័យថា សេដ្ឋកិច្ចថៃនៅតែបន្តដើរអូសជើង ខណៈវៀតណាមនាំមុខគេក្នុងតំបន់៕