ថៃ បញ្ជាឲ្យគ្រប់ខេត្តត្រៀមខ្លួន! ព្យុះស៊ីក្លូនធំមួយ នឹងវាយប្រហារចុងខែនេះ ខណៈពលរដ្ឋ ក៏អាចជម្លៀសដែរ

គ្រាន់តែរដូវវស្សាចូលមកដល់ភ្លាម ថៃ បានប្រកាសពីការកកើតព្យុះស៊ីក្លូនធំមួយ ដែលនឹងវាយប្រហារប្រទេស នៅចុងខែនេះ ហើយចេញបញ្ជាឲ្យគ្រប់ខេត្ត ត្រូវត្រៀមខ្លួនទប់ទល់។

កាសែត The Nation បានដកស្រង់សេចក្តីប្រកាសរបស់ បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិ ដែលចេញបទបញ្ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តនៅទូទាំងប្រទេស ត្រៀមលក្ខណៈឲ្យរួចស្រេច ដើម្បីដោះស្រាយជាមួយព្យុះនេះ ដែលឥទ្ធិពលរបស់វា នឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។

ក្នុងសេចក្តីប្រកាសចុះថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បញ្ជាការដ្ឋាន ខាងលើបញ្ជាក់ថា ព្យុះនេះគឺកកើតនៅសមុទ្រអាដាម៉ាន់ ឬឈូងសមុទ្របេងហ្គាល់។ វានឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កទៅជាជំនន់រហ័ស ឈានដល់ការកើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ទូទាំងប្រទេស។

អ្វីដែលថៃកំពុងបារម្ភខ្លាំងគឺ ព្យុះនេះនឹងបង្កើតជាបាតុភូត ដែលខ្លួនហៅថា «គ្រាប់បែកភ្លៀង» ដែលនេះជាបាតុភូត ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ ត្រឹមរយៈពេលខ្លី បង្កើតជាទឹកជំនន់ ហូរបុកខ្លាំង។

ដោយមើលឃើញស្ថានភាពមិនស្រួល ប្រទេសថៃ ក៏ប្រកាសដែរ ឲ្យពលរដ្ឋគ្រប់ខេត្តត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមខ្លួនជម្លៀស ក្នុងករណីអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង