រុស្ស៊ី ព្រមានអាមេនីថា នឹងផ្តាច់ប្រេង ឧស្ម័ន និងត្បូង តម្លៃថោក បើនៅតែព្យាយាមចូលជាសមាជិកអឺរ៉ុប
ប្រទេសរស្ស៊ី កាលពីថ្ងៃ ទី២៧ ខែឧសភា បានព្រមានប្រទេសអាមេនីដែលខ្លួនធ្លាប់ផ្តល់ការការពារផ្នែកសន្តិសុខកន្លងមក ថា រុស្ស៊ីនឹងផ្អាក ឬបញ្ឈប់ការផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិ និងត្បូងពេជ្រមិនទាន់កែច្នៃក្នុងតម្លៃថោក ទៅកាន់ប្រទេសស្ថិតក្នុងតំបន់កូកាសខាងត្បូងមួយនេះ ប្រសិនបើអាមេនី នៅតែព្យាយាមចូលជាសមាជិកសហភាពអឺរ៉ុប (EU)។

យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ទីក្រុងមូស្គូបានដាក់ការព្រមាននេះ មុនពេលការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ខណៈដែលការស្ទង់មតិ បានបង្ហាញថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract) របស់នាយករដ្ឋមន្ត្រី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) កំពុងនាំមុខដាច់ទៅលើគូប្រជែងដែលគាំទ្ររុស្ស៊ី។ លោក ផាស៊ីនីយ៉ាន គឺជាអ្នកដែលបានកសាងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយបណ្តាប្រទេសលោកខាងលិច ដែលធ្វើឲ្យទីក្រុងមូស្គូមានការខកចិត្តយ៉ាងខ្លាំង។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ថា «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតផ្លូវការមួយ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលជាសមាជិកសហភាពអឺរ៉ុបនៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬលុបចោលកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិតផលប្រេង និងត្បូងពេជ្រមិនទាន់កែច្នៃ ដោយឯកតោភាគី»។
អាមេនី ដែលជាប្រទេសគ្មានឆ្នេរសមុទ្រ និងមានប្រជាជនប្រហែល ៣ លាននាក់ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ហើយក៏ជាសមាជិកនៃប្លុកសេដ្ឋកិច្ចដឹកនាំដោយរុស្ស៊ីផងដែរ។ ប្រទេសនេះក៏ជាកន្លែងដាក់មូលដ្ឋានទ័ពរុស្ស៊ី និងពឹងផ្អែកខ្លាំងលើទីក្រុងមូស្គូសម្រាប់វិស័យថាមពល ដោយកាលពីឆ្នាំមុន ៨២ភាគរយនៃឧស្ម័នរបស់ប្រទេសនេះគឺមានប្រភពនាំចូលពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax។
ប៉ុន្តែ ទំនាក់ទំនងជាមួយទីក្រុងមូស្គូកាន់តែមានភាពរកាំរកូសខ្លាំង ចាប់តាំងពីប្រទេសអាស៊ែបៃហ្សង់ បានប្រើកម្លាំងបាយវាយឆ្មក់យកតំបន់ផ្តាច់ខ្លួន ណាហ្គរណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលមានប្រជាជនអាមេនីប្រមានជាង១០ម៉ឺននាក់តាំងទីលំនៅ កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលបានបង្ខំឲ្យជនជាតិភាគតិចអាមេនីរត់ភៀសខ្លួនយ៉ាងគំហុក បើទោះបីជាមានវត្តមានកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅទីនោះក៏ដោយ។
លោក ផាស៊ីនីយ៉ាន ដែលបានចោទប្រកាន់រុស្ស៊ីនាពេលនោះថា បានបរាជ័យក្នុងការការពារប្រទេសរបស់លោក ចាប់តាំងពីពេលនោះមក បានព្យាយាមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងព្រុចសែល (សហភាពអឺរ៉ុប) និងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបានផ្អាកការចូលរួមរបស់អាមេនីនៅក្នុងប្លុកការពារជាតិក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ីថែមទៀតផង៕