លោក ត្រាំ ចេញមុខគាំទ្រប្រមុខរដ្ឋាភិបាល អាមេនី ខណៈរុស្ស៊ីព្រមានកាត់ផ្តាច់ផ្គត់ផ្គង់ថាមពល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះនាយករដ្ឋមន្ត្រីអាមេនី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដែលការស្ទង់មតិបានបង្ហាញថា ជាការប្រកួតប្រជែងមួយដ៏ប្រកៀកប្រកិតបំផុតជាមួយបេក្ខជនដែលគាំទ្ររុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ AFP នៅថ្ងៃទី២៨ ខែឧសភា។

ការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ ត្រូវបានគេមើលឃើញថា ជាការសាកល្បងដ៏សំខាន់មួយ សម្រាប់ចំណាត់ការរបស់លោក ផាស៊ីនីយ៉ាន ក្នុងការកាត់បន្ថយការពឹងផ្អែករបស់អាមេនីទៅលើទីក្រុងមូស្គូ ខណៈពេលកំពុងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច។
ក្នុងភាពតានតឹងចុងក្រោយ ទីក្រុងមូស្គូ បានព្រមានរដ្ឋាភិបាលអាមេនីអំពីលទ្ធភាពកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល និង ត្បូងមានតម្លៃ បើអាមេនីនៅតែព្យាយាមចូលជាសមាជិកសហភាពអឺរ៉ុប ដែលរដ្ឋាភិបាលដឹកនាំដោយលោក នីកុល ផាស៊ីនីយ៉ាន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនោះ។
ប្រទេសស្ថិតក្នុងតំបន់កូកាសខាងត្បូង (South Caucasus) មួយនេះ ក៏កំពុងតែរងការប៉ះទង្គិចផ្លូវចិត្តនៅឡើយ ចាប់តាំងពីប្រទេសអាស៊ែបៃហ្សង់ បានប្រើកម្លាំងយោធាគ្រប់គ្រងតំបន់ការ៉ាបាក់ (Karabakh) កាលពីឆ្នាំ២០២៣ និងការរត់ភៀសខ្លួនយ៉ាងគំហុកនៃជនជាតិភាគតិចអាមេនីប្រហែល ១០ម៉ឺននាក់។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអាមេរិក អាមេនីបានយល់ព្រមបង្កើតច្រករបៀងឆ្លងកាត់មួយនៅលើទឹកដីរបស់ខ្លួន ដែលនឹងតភ្ជាប់ប្រទេសអាស៊ែបៃហ្សង់ ទៅកាន់តំបន់ដាច់ដោយឡែក ណាកជីហ្វាន (Nakhchivan) របស់ខ្លួន ដោយច្រកនេះត្រូវបានគេប្រសិទ្ធនាមថា «ផ្លូវត្រាំសម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ» ឬហៅកាត់ថា TRIPP (Trump Route for International Peace and Prosperity)។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា «ក្នុងពេលឆាប់ៗខាងមុខនេះ សហរដ្ឋអាមេរិក និងអាមេនី នឹងរួមគ្នាបើកការដ្ឋានសាងសង់» លើគម្រោង TRIPP នេះ ដែលវានឹង «ផ្លាស់ប្តូរមុខមាត់តំបន់កូកាសខាងត្បូង និងជួយដល់ក្រុមហ៊ុនថាមពលអាមេរិកដ៏អស្ចារ្យរបស់យើង ក្នុងការទទួលបានផ្លូវចូលទៅកាន់ប្រភពថាមពល ចាប់តាំងពីអាស៊ីកណ្តាល រហូតមកដល់អាមេរិក»។
លោក ត្រាំ បានហៅ លោក ផាស៊ីនីយ៉ាន ថាជា «មិត្តភក្តិ និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់» ដែលកំពុងតែធ្វើឲ្យប្រទេសរបស់លោកមានភាពរឹងមាំ មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានសុវត្ថិភាពខ្ពស់។ លោកបានសរសេរទៀតថា «នីកុល មានទស្សនវិស័យដូចខ្ញុំទាំងស្រុង ជុំវិញសន្តិភាព និងវិបុលភាព សម្រាប់ប្រទេសអាមេនី និងតំបន់កូកាសខាងត្បូងទាំងមូល»។
លោក ត្រាំ បានបញ្ជាក់ដោយប្រើទម្រង់ពាក្យពេចន៍ដែលលោកនិយមប្រើ ក្នុងការគាំទ្រអ្នកនយោបាយក្នុងស្រុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយសារហេតុផលទាំងនេះ នីកុល ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងទាំងស្រុងពីខ្ញុំ សម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦»។
ការប្រកាសគាំទ្រនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានធ្វើទស្សនកិច្ចនៅប្រទេសអាមេនី ក្នុងដំណើរត្រឡប់មកវិញពីការបំពេញទស្សនកិច្ចរយៈពេលច្រើនថ្ងៃរបស់លោកនៅប្រទេសឥណ្ឌា។ លោក ត្រាំ បានបន្ថែមនៅក្នុងការបង្ហោះកាលពីថ្ងៃពុធនោះថា លោក រូប៊ីយ៉ូ បាន «ជួយជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន សម្រាប់ប្រទេសទាំងពីររបស់យើង»៕