អ៊ីរ៉ង់ បាញ់ស្រោចមីស៊ីល សាជាថ្មីលើអ៊ីស្រាអែល តែ ត្រាំ ថា នឹងប្រាប់ ណេតាន់យ៉ាហ៊ូ កុំសងសឹកវិញ ឲ្យសោះ

សង្គ្រាមមជ្ឈិមបូព៌ាបានផ្ទុះឡើងជាថ្មីហើយ ដោយកាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ៊ីរ៉ង់ បានបាញ់មីស៊ីលស្រោចអ៊ីស្រាអែល លើទីតាំងជាច្រើន នៅភាគខាងជើង ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បង្ហាញក្តីបារម្ភផងដែរ ដោយលោកអះអាង លោកនឹងប្រាប់ទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា កុំសងសឹកទីក្រុង តេហេរ៉ង់ វិញឲ្យសោះ។

យោងតាមការអះអាងរបស់កងឆ្មាំបដិវត្ត (IRGC), មីស៊ីលប្រមាណ ១០គ្រាប់ ត្រូវបានបាញ់សំដៅទៅមូលដ្ឋានទ័ពអាកាស Ramat David ដែលស្ថិតនៅទីក្រុង Haifa ភាគខាងជើងប្រទេស អ៊ីស្រាអែល ក្នុងការវាយប្រហារលើកដំបូង ចាប់តាំងពីបទឈប់បាញ់ ថ្ងៃទី៧ ខែមេសា។

ជុំវិញរឿងនេះ អ្នកនាំពាក្យ IRGC បញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះទង្វើរបស់អ៊ីស្រាអែល ដែលនៅតែគឃ្លើន មិនព្រមឈប់បាញ់លើទីក្រុងបេរូត នៃប្រទេសលីបង់។

តាមសម្តីអ្នកនាំពាក្យដដែលនេះ, ការបាញ់ស្រោចរបស់អ៊ីរ៉ង់ គឺមានលាយឡំជាមួយអាវុធធុនធ្ងន់ ក្នុងនោះបូករួមទាំងមីស៊ីល បាលិស្ទិក ទៀតផង។

យ៉ាងណា អ៊ីស្រាអែល អះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងអស់ ហើយគ្មានឲ្យរបូតមួយគ្រាប់សោះឡើយ ទៅវាយប្រហារទឹកដីរបស់ខ្លួន។

ងាកទៅសហរដ្ឋអាមេរិកឯណោះវិញ! ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានជ្រាបពីដំណឹងនេះរួចហើយ ដោយលោកលើកឡើងថា លោកនឹងប្រាប់ទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថា កុំសងសឹកវិញឲ្យសោះ ព្រោះថា អ៊ីរ៉ង់និងអ៊ីស្រាអែល បាញ់គ្នាឆ្អែតឆ្អន់ហើយ មិនចាំបាច់អីទៀតទេ។

គេហទំព័រ Axios បានដកស្រង់សម្តីលោក ត្រាំ ដែលថ្លែងថា៖ «យើងខិតជិតនឹងសម្រេចបាន នូវកិច្ចព្រមព្រៀងចុងក្រោយមួយជាមួយអ៊ីរ៉ង់ ទៅហើយ។ វាជិតក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ ខ្ញុំមិនចង់ឲ្យវាត្រូវរលាយសាបសូន្យទៅវិញ ដោយសារតែអ្វី ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ នោះទេ»។

សូមជម្រាបជាថ្មី សង្រ្គាមដ៏ធំនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ នៅពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បង្កជាភ្លើងសង្រ្គាមរាលដាលពេញតំបន់មជ្ឈិមបូព៌ា។

ជាការឆ្លើយតប កាលណោះ អ៊ីរ៉ង់ បានវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ព្រមទាំងបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០% របស់ពិភពលោក ដែលធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងកប់ពពក៕

អត្ថបទដែលជាប់ទាក់ទង